តើMRCមានប្រវត្តិបែបណានិងបំពេញតួនាទីសកម្មភាពអ្វីខ្លះ ខណៈសម្តេចតេជោកំពុងចូលរួមកិច្ចប្រជុំ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គណៈកម្មការទន្លេមេគង្គ (MRC) គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ដើម្បីគ្រប់គ្រងធនធានទឹករួមគ្នា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទន្លេមេគង្គ។

បេសកកម្មរបស់គណកម្មការនេះ គឺដើម្បីលើកកម្ពស់ និងសម្រ​បសម្រួល ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍធនធា​នទឹក និងធនធានពាក់ព័ន្ធសម្រាប់ផលប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងសុខុមាលភាពរបស់ប្រជាជន។

MRC ត្រូវបានគ្រប់គ្រងដោយប្រទេសសមាជិក ចំនួនបួនរបស់ខ្លួន តាមរយៈគណៈកម្មាធិការចម្រុះ និងក្រុមប្រឹក្សា។  សមាជិកនៃគណៈកម្មាធិការចម្រុះ ជាធម្មតាគឺជាមន្ត្រីរាជការជាន់ខ្ពស់ ដែលដឹកនាំនាយកដ្ឋានរដ្ឋាភិបាល និងមានសមាជិកម្នាក់មកពីប្រទេសនីមួយៗ។

គណៈកម្មាធិការចម្រុះប្រជុំចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីអនុម័តថវិកា និងផែនការយុទ្ធសាស្ត្រ។  សមាជិកក្រុមប្រឹក្សា គឺជាក្រុមរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ហើយក្រុមប្រឹក្សាប្រជុំម្តងក្នុងមួយឆ្នាំ។

ជំនួយផ្នែកបច្ចេកទេស និងរដ្ឋបាលត្រូវបានផ្តល់ដោយលេខា​ធិការដ្ឋាន MRC ។  លេខាធិការដ្ឋាននេះ មានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលមានបុគ្គលិកជាង១២០នាក់ រួមទាំងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងបុគ្គលិកបច្ចេកទេស។

ដើមកំណើតនៃគណៈកម្មាធិការមេគង្គ ត្រូវបានផ្សារភ្ជាប់ទៅនឹងកេរដំណែល នៃអាណានិគមនិយមនៅឥណ្ឌូចិន និងការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយជាបន្តបន្ទាប់។  ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចនៃប្រទេសអាងទន្លេមេគង្គ បានវិវត្តន៍យ៉ាងខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលដែលទន្លេមេគង្គតំណាងឱ្យទន្លេ ដ៏ធំតែមួយគត់ ដែលនៅសេសសល់ក្នុងពិភពលោក ក្រៅពីអាម៉ាហ្សូន ដែលស្ទើរតែមិនអាចទាញយកប្រយោជន៍បាន។

សន្ទុះសម្រាប់ការបង្កើតរបបសហប្រតិបត្តិការ មេគង្គបានរីកចម្រើនស្របគ្នា ជាមួយនឹងការជំរុញសម្រាប់ ការអភិវឌ្ឍទន្លេមេគង្គក្រោម បន្ទាប់ពីសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលបានផ្តល់ឯករាជ្យដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាមពីប្រទេសបារាំង។

គណៈកម្មការទន្លេមេគង្គបំពេញតួនាទី ជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិបត្តិការ ថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពី ជនធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លងដែន នៅក្នុងតំបន់អាងទន្លេនេះ បើទោះបីជា ប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាងណាក៏ដោយ។

គណៈកម្មការនេះក៏បំពេញតួនាទី ជាមជ្ឈមណ្ឌលចំណេះដឹង សម្រាប់ជម្រុញ ឱ្យមានការតាក់តែងគោលនយោបាយ ផ្អែកតាមភស្តុតាងជាក់ស្ដែងផងដែរ។ គណៈកម្មការនេះ ផ្តល់ជំនួយបច្ចេកទេស និងបង្កើតជាឧបករណ៍ ដើម្បីជួយឱ្យប្រទេសជាសមាជិកធ្វើការសម្រេចចិត្តផ្អែកតាមព័ត៌មានត្រឹមត្រូវ។

គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើង នៅពេលដែលប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ច សហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃ តំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ ១៩៩៥ (1995 Mekong Agreement) ។

ប្រទេសជាសមាជិកបានឯកភាព សហការណ៍ជាមួយគា្ន លើវិស័យ ជាច្រើន ដូចជា វិស័យនេសាទ ការគ្រប់គ្រងទឹកជំនន់ ធារាសាស្ត្រ វារីអគ្គិសនី និងនាវាចរណ៍។ ចំណែកប្រទេសចិន និងមីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើបង្អស់ នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទ​នារបស់ MRC ចាប់ពីតាំងពីឆ្នាំ១៩៩៦មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here