ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹងរៀបចំពិព័រណ៍ឌីជីថលដ៏ធំជាលើកដំបូងនៅកម្ពុជាប្រចាំឆ្នាំ២០១៩ នៅពាក់កណ្តាលខែមីនាខាងមុខនេះ ដើម្បីបង្ហាញពីសក្តានុពលនៃការរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ព្រមទាំងការទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាឲ្យកានតែច្រើនឡើងបន្ថែមទៀតលើវិស័យបច្ចេកវិទ្យា។
លោក កាន់ ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងនៅក្នុងពិធីសន្និសីទព័ត៌មាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ បញ្ជាក់ថា កម្មវិធីពិព័រណ៍ Digital Cambodia 2019 ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១ របស់កម្ពុជា ដែលមានបំណងបង្កើត Platform ថ្នាក់ជាតិ ដើម្បីបង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការវិនិយោគ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា និងបង្ហាញអំពីវឌ្ឍន៍ភាពនៃការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ និងគតិយុត្ត ផលិតផល និងសេវាពាក់ព័ន្ធនឹងបច្ចេកវិទ្យា-គមនាគមន៍ និងព័ត៌មាន ។
លោកបន្តថា ព្រឹត្តិការនេះក៏បានបញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន។ ជាងនេះទៅទៀតនោះ គឺបានកៀរគរគ្រប់តួរអង្គពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន និងបានជំរុញនៅសហគ្រិនភាព ឱ្យចូលរួមអភិវឌ្ឍន៍បណ្តាញអាជីវកម្មរវាងអាជីវកម្មចាប់ផ្តើមថ្មី ជាមួយសហគ្រាសធុនតូច និងមធ្យម ។
កម្មវិធីពិព័រណ៍ Digital Cambodia 2019 នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់កម្មវិធី ហើយមានក្រសួងស្ថាបន័រដ្ឋចំនួន ០៦អង្គភាព មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានស្តង់ទាំងអស់ចំនួន ១៥០ស្តង់ ៕