ប្រធានាធិបតីៈប្រទេសចិននឹងបោះទុនវិនិយោគជិត៣៩ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងថា ប្រទេសចិននឹងបោះទុនវិនិយោគប្រមាណ៣៨,៦៤ពាន់លានដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងឧស្សាហកម្មគីមីឥន្ធនៈ និងរថយន្តផងដែរ។

លោក Anwar បានថ្លែងនៅក្នុងសភាថា ក្រុមហ៊ុន Rongsheng Petrochemical របស់ប្រទេសចិននឹងបោះទុនវិនិយោគ ប្រមាណ៨០ពាន់លានRM នៅក្នុងរោងចក្រចម្រាញ់គីមីឥន្ធនៈ នៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

លោកបានបន្តថា “ក្រុមហ៊ុនផលិតរថយន្ត Geely នឹងបណ្តាក់ទុនចំនួន២ពាន់លានRMពីដំបូង ហើយក្រោយមកនឹងកើនឡើងដល់៣២ពាន់លាន RM ។

លោក Anwar ដែល​បានបំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ ​នៅ​ប្រទេ​ស​ចិន​កាល​ពី​សប្តាហ៍​មុន មិន​បាន​ផ្តល់​ពេល​វេលា​ជាក់លាក់ សម្រាប់​ការ​សន្យា​វិនិយោគ​សរុប​នោះ​ទេ។

លោកនាយក​រដ្ឋមន្ត្រី​ ក៏​បាន​មានប្រសាសន៍ផងដែរ​ថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រទេសចិន ​ដើម្បីកាត់​បន្ថយ​ការ​ពឹង​ផ្អែក​របស់​តំបន់អាស៊ី​លើ​ប្រាក់​ដុល្លារ​អាមេរិក។

លោកបានបញ្ជាក់ថា ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីកំពុងធ្វើការលើគំនិតផ្តួចផ្តើមមួយ ដើម្បីអនុញ្ញាតឱ្យទីក្រុងគូឡាឡាំពួ និងប្រទេសចិន ធ្វើពាណិជ្ជកម្មដោយប្រើប្រាក់រីងហ្គីតនិងប្រាក់យ័ន។

លោក Anwar បាន​មានប្រសាសន៍ថា​ “គ្មាន​ហេតុផល​សម្រាប់​ប្រទេស​មួយ ​ដូច​ជា​ម៉ាឡេស៊ី ​ដើម្បី​បន្ត​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ទេ”។

លោកAnwar បានស្នើឱ្យបង្កើតមូលនិធិរូបិយវត្ថុអាស៊ី នៅវេទិ​កាBoao ក្នុងប្រទេសចិនកាលពីសប្តាហ៍មុន ហើយនៅក្នុងកិច្ចប្រជុំទ្វេរភាគី ប្រធានាធិបតីចិនលោកស៊ី ជីនពីង ក៏បានស្វាគមន៍គំនិតដែលនឹងត្រូវបានពិភាក្សាបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here