កម្ពុជាលើកលែងពន្ធរហូតដល់៩ឆ្នាំសម្រាប់ការវិនិយោគវិស័យបច្ចេកវិទ្យាខ្ពស់

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក សំ ច័ន្ទមុនី មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈ និងជំរុញការវិនិយោគឯកជនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជាអាចទាក់ទាញការលើកលែងពន្ធរយៈពេល៩ឆ្នាំ។

ក្នុងពេលធ្វើបទបង្ហាញអំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់គណៈប្រតិភូធុរកិច្ចកម្រិតខ្ពស់មកពីប្រទេសឥណ្ឌានៅសណ្ឋាគារ Sun and Moon Riverside ក្នុងរាជធានីភ្នំពេញលោក សំ ច័ន្ទមុនី បានមានប្រសាសន៍ថា ក្រៅពីឧស្សាហកម្មនេះក៏អាចទទួលបាននូវការលើកទឹកចិត្តផ្សេងទៀតជាច្រើនផងដែរសម្រាប់រយៈពេល១៥ឆ្នាំ។

យោងតាមមន្ត្រី CDC បានឱ្យដឹងថា កម្ពុជាជាប្រទេសបើកចំហរបំផុតមួយក្នុងពិភពលោក ហើយយើងអនុញ្ញាតឱ្យមានកម្មសិទ្ធិបរទេស១០០ភាគរយនៅក្នុងអាជីវកម្មជាង៩៩ភាគរយ។

លោកបានមានប្រសាសន៍ថា “ការវិនិយោគពីបរទេស១០០ភាគរយត្រូវបានអនុញ្ញាតនៅក្នុងអាជីវកម្ម និងឧស្សាហកម្មស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសនេះមានលក្ខណៈល្អបំផុតក្នុងពិភពលោកសម្រាប់ការវិនិយោគពីបរទេស”។

កម្ពុជាមិនអនុញ្ញាតឱ្យជនបរទេសទិញដីក្នុងប្រទេសនោះទេ ប៉ុន្តែពួកគេអាចកាន់កាប់ខុនដូ ឬអាផាតមិនចាប់ពីជាន់ទីមួយតទៅ។ ពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់ឧស្សាហកម្មភាគច្រើនក៏ត្រូវបានរក្សាក្នុងអត្រា២០ភាគរយនៅក្នុងប្រទេសកម្ពុជាផងដែរ។

ការលើកលែងពន្ធសម្រាប់ការវិនិយោគបរទេសក្នុងប្រទេសកម្ពុជាមានរយៈពេលចាប់ពី៣ឆ្នាំទៅដល់៩ឆ្នាំ។ ក្រុមហ៊ុនឧស្សាហកម្មក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលសម្ភារសំណង់ និងឧបករណ៍សំណង់ ដោយមិនចាំបាច់បង់ពន្ធផងដែរ។

អត្ថប្រយោជន៍មួយទៀតនៃការវិនិយោគនៅកម្ពុជា គឺដោយសារប្រទេសនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីជាមួយមហាអំណាចឧស្សាហកម្មកំពូលមួយចំនួនក្នុងពិភពលោក ដូចជាប្រទេសចិន និងកូរ៉េខាងត្បូង។

បច្ចុប្បន្ននេះ កម្ពុជាក៏កំពុងបញ្ចប់សន្ធិសញ្ញាពាណិជ្ជកម្មទ្វេរភាគីជាមួយ UAE ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)៕

LEAVE A REPLY

Please enter your comment!
Please enter your name here