ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ ក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា កាលពីរសៀលថ្ងៃទី៦ មេសា ២០២៣ លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការជួយទាក់ទាញវិនិយោគិនបរទេសនិងបង្កើនការវិនិយោគនៅកម្ពុជា ។

លោកមានប្រសាសន៍បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាពជាដៃគូ ជំរុញកំណើនវិនិយោគនៅក្នុងស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ហើយសមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញវិនិយោគិនបរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។

លោកបន្ថែមថាកន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាណិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ា នៅពេលខាងមុខ នឹងមិនជាន់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជានោះទេ ពោលគឺអ្វីដែលត្រូវធ្វើបន្ទាប់ គឺជាសកម្មភាពដែលមិនដូចគ្នានឹងសភាពាណិជ្ជកម្មឡើយ ។លោកថា “វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការជួយទាក់ទាញវិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែងតែជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីស្វែងយល់ ឬសហការគ្នា” ។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា តាមសេចក្ដីជូនដំណឹង របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហេតុនេះបេសកកម្មរបស់សមាគមនេះ នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោកឧកញ៉ាបន្តថា ក្នុងជំនួបនេះ ដើម្បីជជែកពិភាក្សាគ្នានៅលើយន្តការ ដែលមានរៀបចំផែនការ ថាតើនៅក្នុងឆ្នាំ២០២៣ យើងនឹងធ្វើអ្វី ហើយឆ្នាំបន្តបន្ទាប់ទៀតយើងនឹងធ្វើអ្វីទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពុជាពាណិជ្ជកម្មនិងវិនិយោគ ៕






