កម្ពុជាទាក់ទាញការវិនិយោគបាន២៩៤លានដុល្លារអាមេរិកក្នុងត្រីមាសទី១ដើមឆ្នាំនេះ

0

ដោយៈ សុខុម

ភ្នំពេញ: កម្ពុជាទាក់ទាញគម្រោងវិនិយោគ ទ្រព្យសកម្មថេរចំនួន៣៩ ដែលមានទំហំ២៩៤លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយបង្កើតការងារថ្មីៗ បានប្រមាណ៤៧.០០០កន្លែង។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១០ ខែមេសា បង្ហាញថា អំឡុងខែមករា ដល់ខែមីនា ដើមឆ្នាំនេះ ប្រទេសចិន គឺជាអ្នកវិនិយោគបរទេសធំបំផុតនៅកម្ពុជា ដែលគ្របដណ្ដប់ជិត៧០%នៃការវិនិយោគសរុបនៅកម្ពុជា”។

របាយការណ៍ដដែលបបន្ថែមថា អ្នកវិនិយោគបរទេសផ្សេងៗទៀតនៅកម្ពុជា រួមមាន ប្រទេសសីសែល (Seychelles) ប្រទេសសាម័រ (Samoa)  កូរ៉េខាងត្បូង សិង្ហបុរី និងស៊ុយអែត។

របាយការណ៍នេះបញ្ជាក់ថា “គម្រោងវិនិយោគចំនួន៣៨ផ្តោតលើវិស័យឧស្សាហកម្ម ហើយគម្រោងមួយទៀតផ្តោតលើវិស័យទេស​ចរណ៍”។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួងពាណិជ្ជកម្មមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគ ដែលអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ៗ ដែលទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា កាន់តែច្រើន។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិ​ជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការវិនិយោគថ្មីៗទាំងនេះនឹងនាំមកនូវមូលធន បច្ចេកវិទ្យា និងឱកាសការងារថ្មីៗ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា “ការវិនិយោគរបស់ចិន មានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here