Elon Musk: ក្រុមហ៊ុន Tesla នឹងសាងសង់រោងចក្រផលិតអាគុយយក្ស Megapack ថ្មីនៅក្រុងសៀងហៃ

0

សុខុម

ញូវយ៉ក: ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់កំពូលមហាសេដ្ឋី Elon Musk បានទម្លាយឱ្យដឹងថា ខ្លួនគ្រោងនឹងពង្រីកអាជីវកម្មក្នុងទីផ្សារប្រទេសចិន បន្ថែមទៀតតាមរយៈការសាងសង់រោងចក្រផលិតអាគុយយក្ស Megapack ថ្មីមួយ។

ក្រុមហ៊ុននេះនិយាយថា គម្រោងរោងចក្រនៅទីក្រុងសៀងហៃ ប្រទេសចិន នេះនឹងមានសមត្ថភាពផលិតអាគុយយក្ស Megapack បានរហូតដល់ទៅ១០.០០០ឈុតក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១០ ខែមេសា។

Megapack គឺជាអាគុយយក្សដែលមានទំហំធំស្រដៀងនឹងទូកង់តឺន័រប្រើដើម្បីជួយរក្សាស្ថិរភាពបណ្តាញថាមពល និងការពារការដាច់ចរន្តអគ្គិសនី។

ក្រុមហ៊ុន Tesla មានរោងចក្រផលិតអាគុយយក្ស Megapack រួចទៅហើយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតបាន១០.០០០០គ្រឿងក្នុងមួយឆ្នាំ។

លោក Elon Musk បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា រោងចក្រថ្មីនៅប្រទេសចិន នេះនឹងជាការបន្ថែមពីលើរោងចក្ររបស់ Tesla នៅសហរដ្ឋអាមេរិក។

តាមការរំពឹងទុក ការងារសាងសង់រោងចក្រផលិតអាគុយយក្ស Megapack ថ្មីនៅក្នុងប្រទេសចិន នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣ នេះដោយការផលិតអាគុយនឹងចាប់ផ្ដើមនៅរដូវក្ដៅក្នុងឆ្នាំ២០២៤។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua។

ទោះជាយ៉ាងណា ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះទេនៅពេលសារព័ត៌មាន BBC ទាក់ទងទៅដើម្បីការឆ្លើយបំភ្លឺជុំវិញរឿងនេះ៕ BBB៕

LEAVE A REPLY

Please enter your comment!
Please enter your name here