ផ្លូវក្រវ៉ាត់ក្រុងទី៣ទៅព្រលានយន្តហោះថ្មីនឹងក្លាយទៅជាតំបន់ លំនៅឋានដ៏មានសក្ដានុពល?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅតំបន់ជាយក្រុង ត្រូវបានមើ​លឃើញថា កំពុងមានការមមាញឹកខ្លាំង ជាពិសេសនោះតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី នៃខេត្តកណ្ដាលក៏កំពុងទាក់ទាញការវិនិយោគលើលំនៅឋានកាន់តែច្រើនផងដែរ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនពល​រដ្ឋ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គល កាលពីពេលថ្មីៗនេះ លោកតាំង ម៉េងលាង អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា តំបន់មួយនៅក្នុងខេត្តកណ្ដាល នៅពេលខែវស្សាបានក្លាយជាតំបន់ទឹកលិច ហើយខែប្រាំងទើបពលរដ្ឋអាចធ្វើស្រែបាន តែមកដល់ឥឡូវនេះ តំបន់ទឹកលិចពីមុននោះ បានក្លាយជាតំបន់លំនៅឋាន និងទីក្រុងរណបថ្មីមួយយ៉ាងស្រស់ស្អាត និងមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ។

លោកបន្តថា “នាពេលអនាគតឆាប់ៗខាងមុខនេះ តំបន់ដែលនៅចន្លោះពីផ្លូវក្រវ៉ាត់ក្រុងទី៣ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅនឹងក្លាយជាតំបន់លំនៅឋានដ៏មមាញឹក”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍កាន់តែច្រើនក៏នឹងធ្វើការអភិវឌ្ឍគម្រោងលំនៅឋាន ដើម្បីផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួនទៅតាមតម្រូវការ”។

លោកបណ្ឌិតបេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា តំបន់នៅចន្លោះពីផ្លូវក្រវ៉ាត់ក្រុងទី៣ ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ពិតជាមានសក្ដានុពលលើការអភិវឌ្ឍលំនៅឋានពិតមែន ហើយលោកក៏គាំទ្រ ដល់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យមក៏ដូចជាមន្ត្រីរាជការកម្ពុជាផងដែរ។

លោកក៏បានប្រកាសគាំទ្រ ដល់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់គម្រោងវើលដ៏ប្រ៊ីដហូម ដែលជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា និងបានផ្ដល់ទំនុកចិត្ត ដល់អ្នកទិញផ្ទះក្នុងគម្រោងនេះ ដោយបានប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុហើយក៏សូមឱ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ដទៃចូលរួមអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់លំនៅឋានជូនពលរដ្ឋ។

ជាមួយគ្នានេះ លោកយក់ សុធីរិទ្ធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវើលដ៏ប្រ៊ីដហូម បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹង តកូនតចៅ និងបរិស្ថានរស់នៅប្រកប ដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបជាង៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។

ជាពិសេស អតិថិជនមិនតម្រូវ ឱ្យចំណាយបង់ពន្ធប្រថាប់ត្រា៤ភាគរយ ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនក្នុងស្រុក អភិវឌ្ឍលំនៅឋានតម្លៃសមរម្យបន្ថែមទៀតដើម្បីអាចឱ្យពលរដ្ឋ មានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាមន្ត្រីរាជការមានលទ្ធភាព ក្នុងការទិញលំនៅឋានសមរម្យ ស្នាក់នៅ ដោយរដ្ឋក៏បានលើកទឹកចិត្ត ដោយមិនយកពន្ធប្រថាប់ត្រាសម្រា​ប់លំនៅឋានតម្លៃសមរម្យនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here