ក្រុមហ៊ុនBlackstone កៀរគរដើមទុនបានជាង៣០ពាន់លានដុល្លារ សម្រាប់មូលនិធិអចលនទ្រព្យថ្មី

0

ដោយៈ សុខុម

គូឡាឡាំពួ: Blackstone Inc ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតរបស់ពិភពលោក បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែមេសា ថា ខ្លួនកៀរគរដើមទុនបានរហូតដល់ទៅ៣០,៤ពាន់លានដុល្លារអាមេរិក សម្រាប់មូលនិធិអចលនទ្រព្យសកលថ្មី របស់ខ្លួន ដើម្បីពង្រឹងឧស្សាហកម្មនេះឡើងវិញ។

មូលនិធិដែលមានឈ្មោះថា Blackstone Real Estate Partners X នេះគឺធំជាង៤៨% បើធៀបនឹងមូលនិធិអចលនទ្រព្យចាស់ដែលបានបិទចោល ក្នុងឆ្នាំ២០១៩ នៃក្រុមហ៊ុននេះ។

ក្រុមហ៊ុន Blackstone បាននិងកំពុងតែផ្ដោត លើផ្នែកភ័ស្តុភារ ផ្ទះជួល បដិសណ្ឋារកិច្ច ការិយាល័យបែបមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌ​លទិន្នន័យ ដោយងាកចេញពីទ្រព្យសកម្ម ដូចជា ការិយាល័យ និង​ផ្សារទំនើប ដែលកំពុងប្រឈមមុខនឹងវិបត្តិ ដែលបង្កឡើងដោយសារការធ្វើការងារចល័ត ក្រោយសម័យកូវីដ និងសន្ទុះងើបឡើងខ្លាំង ក្នុងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ជាដើម។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Blackstone បានហក់ឡើងជិត១%នៅក្នុងការជួញដូរ។

គិតត្រឹមត្រីមាសទី៣ ចុងឆ្នាំ២០២២ ទ្រព្យសកម្មសរុបដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុននេះ មានទឹកប្រាក់រហូតដល់ទៅ៩៥១ពាន់លានដុល្លារអាមេរិក៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here