តើអ្វីជាសារៈសំខាន់ទាំង៥ដែលពេលទិញលក់អចលនទ្រព្យ គួរប្រើប្រាស់ភ្នាក់ងារជំនាញ?

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យមានជំនាញ ដើរតួនាទីក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការប្រឹក្សាយោបល់។

How is a Real Estate Agent, Broker, and Realtor different?

ទោះបីជាយ៉ាងណា បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ​ប្រជាពលរដ្ឋមួយចំនួន នៅតែងមានទស្សនយល់ថា មិនចង់ជួលភ្នាក់ងារអចលនទ្រព្យ ដោយសារតែមានការតម្រូវឱ្យបង់ប្រាក់ជាដើម។

ទន្ឬឹមជាមួយគ្នានេះ ការវិនិយោគអចលនទ្រព្យ បានក្លាយជាផ្នត់គំនិតថ្មីមួយ សម្រាប់របស់ប្រជាជនក្នុងស្រុក ។ ជាការពិតណាស់ សម្រាប់អ្នកដែលវិនិយោគបានត្រឹមត្រូវ ពួកគេអាចទទួលបានផលចំណេញខ្ពស់ជាទីគាប់ចិត្ត។

ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ភ្នាក់ងារអាចជួយគេបានច្រើនបំផុត និងចំណេញច្រើនលើសពីហិរញ្ញវត្ថុ ។ ខាងក្រោមនេះគឺជាហេតុផល និងអត្ថប្រយោជន៍មួយចំនួន ដែលអ្នកគួរតែដឹង និងសិក្សាស្វែងយល់។

ទី១-​ ទទួលបានផ្ទះតាមក្តីស្រមៃរបស់អ្នក

ជាធម្មតា នៅពេលមានបំណងចង់ទិញផ្ទះ អ្នកតែងតែស្រមៃឃើញពីលក្ខណៈ និងស្ថានភាពផ្ទះដែលអ្នកចង់បាន ។ ប៉ុន្តែមិនមានមនុស្សច្រើនប៉ុន្មានទេ ដែលទទួលបានផ្ទះ ដូចការស្រមៃរបស់ខ្លួន។

អ្នកខ្លះចង់បានផ្ទះ ដែលមានទីតាំងជិត សាលារៀន មន្ទីរពេទ្យ ឬកន្លែងកម្សាន្តនានា ជាមួយនឹងបរិយាកាសសមប្រកប ប៉ុន្តែអ្វីដែលគេទទួលបាន គឺគ្រាន់តែជាផ្ទះសាមញ្ញធម្មតា ។ អ្វីទាំងអស់នេះ អាចកើតឡើងដោយសារតែការមិនមាន ការជួយជ្រោមជ្រែងពីភ្នាក់ងារអចលនទ្រព្យ ក្នុងការជួយរកផ្ទះតាមការចង់បានរបស់ របស់ពួកគេ ។ ម្ចាស់ផ្ទះមួយចំនួនដាក់លក់ផ្ទះ ​តាមរយៈភ្នាក់ងារ (ដោយមិនមានការដាក់ផ្លាកផ្សព្វផ្សាយនោះទេ) ។

ដូចនេះ ប្រសិនបើអ្នកមិនមែនជាភ្នាក់ងារអចលនទ្រព្យ អ្នកប្រហែលជាមិនអាចដឹងបានថា ផ្ទះនោះត្រូវបានដាក់លក់នោះទេ ។ ដូច្នេះការជួលភ្នាក់ងារអចលនទ្រព្យ អាចជួយអ្នកឱ្យរកបានផ្ទះតាមក្តីស្រមៃ ក្នុងតម្លៃសមរម្យណាមួយ។

ទី២- វិធីសាស្រ្តនៃការចរចា

តម្រូវការទិញលក់ក្នុងពេលបច្ចុប្បន្ន មានការកើនឡើង ប៉ុន្តែការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ ហាក់នៅមានកម្រិតនៅឡើយ ដោយសារគេសម្រេចចិត្តចរចា ជាមួយអ្នកលក់ដោយខ្លួនឯង ប៉ុន្តែជាធម្មតា ការចរចាតែងភ្ជាប់មួយអារម្មណ៍ ដែលឧបសគ្គយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ឬធ្វើឱ្យអ្នកមិនអាចទទួលបានផ្ទះ ក្នុងតម្លៃដែលអ្នកចង់បាន។

ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាពបញ្ចុះបញ្ចូលអ្នកលក់ ឱ្យម្ចាស់ផ្ទះព្រមបញ្ចុះតម្លៃទៅតាមការចង់បានរបស់អ្នក។ ដូច្នេះ អ្នកមិនចាំបាច់ចូលនិយាយចរចាដោ​យផ្ទាល់នោះទេ។

ទី៣- មានភាពច្បាស់លាស់លើលិខិតស្នាមផ្សេងៗ

ជាទូទៅ លិខិតស្នាមផ្លូវច្បាប់តែងត្រូវបានភ្ជាប់ មកជាមួយនៅពេលដែលអ្នកមានសកម្មភាពសេដ្ឋកិច្ចអ្វីមួយ។ លើសពីនេះទៅទៀត លិខិតស្នាមក្នុងវិស័យអចលនទ្រព្យ ប្រហែលជាមានលក្ខណៈស្មុគស្មាញច្រើន ប្រសិនបើអ្នកមិនមែនជាអ្នកប្រឡូក ក្នុងវិស័យនោះ ។

អ្នកអាចជួបបញ្ហាច្រើន ដូចជាការឆបោកផ្សេងៗ ដែលកំពុងតែកើតមានច្រើន នៅក្នុងវិស័យអចលនទ្រព្យសព្វថ្ងៃនេះ ប៉ុន្តែភ្នាក់ងា​រអចលនទ្រព្យ អាចជួយដោះស្រាយបញ្ហានេះបាន ដោយសារតែពួកគេ បានទទួលការហ្វឹកហ្វឺនទាក់ទងនឹងផ្នែកនេះ ។

គុណសម្បត្តិមួយ គឺអាចជួយឱ្យអ្នកជៀសវាងបាន ពីបញ្ហាផ្សេងៗ និងការឆបោកផងដែរ។

ទី៤- ចំណេះដឹងអចលនទ្រព្យទូលំទូលាយ

ដោយសារតែភ្នាក់ងារអចលនទ្រព្យ ប្រឡូកក្នុងវិស័យនេះ និងបានចំណាយពេលវេលាច្រើន ជាមួយនឹងអចលនវត្ថុ ពួកគេដឹងច្រើនពីស្ថានភាពផ្សេងៗរបស់ផ្ទះ ដី អចលនទ្រព្យណាមួយ ពាក់ព័ន្ធនឹងទីតាំង ប្រព័ន្ធលូ ច្បាប់ទំលាប់ផ្សេងៗ ។

ប្រសិនបើអ្នកទិញដោយខ្លួនឯង អ្នកអាចនឹងមិនដឹងពីព័ត៌មានទាំងអស់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នក នៅពេលដែលអ្នកចូលទៅរស់នៅ ។ ការជួលភ្នាក់ងារអចលនទ្រព្យ អាចធ្វើឱ្យអ្នកដឹងពីស្ថានភាពទាំងនេះ និងធ្វើឱ្យអ្នកសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។​

ទី៥- ជួយបិទការលក់ដោយជោគជ័យ

ការចុះកិច្ចសន្យាជាផ្លូវការ អាចមានដំណើរការយូរ ដែលធ្វើឱ្យអ្នកមានភាពធុនទ្រាន់។ ប៉ុន្តែបើអ្នកមានជំនួយពីភ្នាក់ងារតាមដំណា​ក់កាលនីមួយៗ អ្នកនឹងមិនស្មុកស្មាញច្រើននោះទេ ។ លើសពីនេះក្រោយពីអ្នកបាន សម្រេចចិត្ត​ទិញផ្ទះនោះហើយ អ្នកក៏នៅតែមានរឿងជាច្រើនទៀតត្រូវគិតគូរ ដូចជា ការបង់ពន្ធ ការផ្ទេរទ្រព្យសម្បត្តិជាដើម។

ប្រសិនបើអ្នក មិនមានភ្នាក់ងារអចលនទ្រព្យនោះទេ អ្នកប្រហែលជាពិបាក ក្នុងតំណាក់កាលនេះបន្តិច។ ដូច្នេះការមានភ្នាក់ងារចាំជួយយើង រាល់កិច្ចការស្មុគស្មាញទាំងនេះ វាក៏ជួយយើងឱ្យធូស្រាលមួយកម្រិតទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here