ដំណឹងល្អៈរាជរដ្ឋាភិបាលបន្តលើកលែងពន្ឋប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះរហូតដល់ដំណាច់ឆ្នាំក្រោយ

0

        ដោយៈ សូរិយារះ

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត និងស្នើឱ្យគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលការរៀបចំឥណទានឡើងវិញ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ដៃគូទាំងពីរ។

ការសម្រេចនេះ ត្រូវបានបញ្ជាក់តាមរយៈសេចក្តី ប្រកាសព័ត៌មា​ន របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព៌តមាននានា ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថាដើម្បីបន្តរក្សានិរន្តរភាពការងារ ជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាព ដល់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការ បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី”។

សេចក្តីព័ត៌មានដដែលបានបន្ថែមទៀតថា ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបន្ដលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។

កាលពីឆ្នាំ២០២២កន្លងទៅសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោមតម្លៃ៧ម៉ឺនដុល្លាររយៈពេល១ឆ្នាំ ដល់ដំណា​ច់ឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះសម្តេចតេជោហ៊ុន សែន បានសម្រេចបន្តអនុគ្រោះ រហូតដល់ដំណាច់ឆ្នាំ២០២៤៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here