ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងន័យលើកទឹកចិត្តដល់វិស័យឯកជន និងស្តារឡើងវិញនូវវិស័យសំណង់ និងអចលនទ្រព្យ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍សំខាន់ៗចំនួន៨។
ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងន័យលើកទឹកចិត្តដល់វិស័យឯកជន និងស្តារឡើងវិញនូវវិស័យសំណង់ និងអចលនទ្រព្យ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍សំខាន់ៗចំនួន៨។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយ កាលពីថ្ងៃទី១៧មេសា ២០២៣ ឱ្យដឹងថាទោះបីជាសកម្មភាពសង្គម សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងបើកឡើងវិញជាបណ្ដើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ នាពេលបច្ចុប្បន្ន ក៏ដូចជាបណ្ដាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្ដីកង្វល់ដ៏ធំចំពោះ កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល។
ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំត្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាព ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការបន្ថែមជាកញ្ចប់៨ចំនុច ។
ទី១ បន្តពន្យារពេលអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។
ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ។
ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលពី១២ខែ ដល់១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធតិចជាង១លានដុល្លារអាមេរិក និង២៤ខែ ដល់៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋាន ជាបុរីដែលបង់ពន្ធលើសពី១លានដុល្លារអាមេរិក។
ទី៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន ( របបពិត ) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ។
ទី៤. បន្តពន្យារពេលការអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។
ទី៥ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។
ទី៦ លើកទឹកចិត្តនិងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ។
ទី៧. លើកលែងការផាកពិន័យផ្សេងៗចំពោះ គម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញ កាតព្វកិច្ចស្របតាមប្រកាសលេខ០៨៩សហវ ប្រក.ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។
ទី៨ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣ លើសេចក្ដីប្រកាសលេខ៥៦៣ សហវ ប្រក ស្ដីពី កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕