ដោយ: គង់ លាងហួរ
សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មី នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងរយៈពេលបីខែជាប់ៗគ្នាក្នុងខែមីនា ដោយក្រុមអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា តម្រូវការនឹងនៅតែរឹងមាំ។
ដោយមិនរាប់បញ្ចូលខុនដូប្រភេទ Executive condominiums អ្នកអភិវឌ្ឍន៍ បានលក់ខុនដូ៤៩២យូនីត នៅក្នុងខែមីនា ដែលជាការកើនឡើង១៣,៦ភាគរយ ពីចំនួន៤៣៣យូនីត ដែលបានលក់ក្នុងខែកុម្ភៈ។ នេះបើយោងតាមតួលេខចេញផ្សាយ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ទោះជាយ៉ាងណាក្តី ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្ទះឯកជន បានធ្លាក់ចុះ២៤,៨ភាគរយ ធៀបនឹងចំនួន៦៥៤យូនីតដែលបានលក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការលក់ក្នុងខែមីនា ត្រូវបានជំរុញជាចម្បង ដោយការដាក់ឱ្យដំណើរការនៃគម្រោង The Botany នៅ Dairy Farm នៅក្នុងតំបន់ខាងក្រៅក្រុង (OCR)។ ផ្ទះសរុបចំនួន១៨៤យូនីត នៅក្នុងគម្រោងនេះ ត្រូវបានលក់ក្នុងតម្លៃមធ្យម២.០៦៨ដុល្លារសិង្ហបុរី។
លោកស្រី Tricia Song ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអះអាងថា “នេះគឺជាការចង្អុលបង្ហាញពីតម្រូវការពិតប្រាកដ ដែលមានស្ថិរភាពសម្រាប់ផ្ទះថ្មីៗ ចំពេលមានផ្ទះ មិនទាន់បានលក់ជាច្រើននៅក្នុងតំបន់ OCR”។
នាយកជាន់ខ្ពស់នៃក្រុមហ៊ុនHuttons Asia សម្រាប់ការស្រាវជ្រាវ លោកLee Sze Teck បានកត់សម្គាល់ថា “យូនីតដែលមានបន្ទប់គេងមួយ និងពីរ នៅគម្រោង The Botany at Diary Farm ស្ទើរតែលក់ដាច់អស់ទៅហើយ”៕