សមិទ្ធផលថ្មីៗនៅប៉ែកខាងជើងរាជធានីនឹងជំរុញឱ្យទំនាក់ទំនងវិនិយោគរវាងខណ្ឌចំនួន២កាន់តែខ្លាំងឡើង

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប៉ែកខាងជើងនៃរាជធានីភ្នំពេញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនហើយក្នុងឆ្នាំ២០២៣នេះដែរ។

សមិទ្ធផលមួយចំនួននៅប៉ែងខាងជើងរាជធានីភ្នំពេញ ក៏ចាប់ផ្ដើមលេចរូបរាង ដោយខ្លះក៏បានដាក់ឱ្យប្រើប្រាស់ ។ សមិទ្ធផលថ្មីៗនេះរួមមានការដាក់ដំណើរការស្ពានអាកាសឬស្សីកែវ ការដាក់ដំណើរ​ការស្ពានយោងដោយខ្សែកាបលើកដំបូង ឆ្លងកាត់ទន្លេសាបតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រផយចង្វារ ពហុកីឡដ្ឋានមរតកតេជោ ជាដើម។

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនេះ នឹងជំរុញឱ្យបណ្ដាខណ្ឌនៅខាងជើងភ្នំពេញ ជាពិសេសខណ្ឌចំនួនពីរគឺខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ កាន់តែមានទំនាក់វិនិយោគខ្លាំងឡើង។

សមិទ្ធផលចំនួនពីរដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរកន្លងមកនេះ នឹងក្លាយជាឈ្នាប់ក្នុងការភ្ជាប់ទំនាក់ទំនងវិនិយោគដីធ្លី និងអចលនទ្រព្យនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវបន្ថែមទៀត ហើយវាក៏នឹងជំរុញឱ្យតម្លៃដីធ្លីបន្ថែមទៀតនៅក្នុងខណ្ឌទាំងនេះផងដែរ។

អ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើន បានមើលឃើញថាតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្ដានុពលនិងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

លោកស្រីតាំង  ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property service បានលើកឡើងថា តំបន់ជ្រោយចង្វារ នឹងនឹងក្លាយជាទីក្រុងពាណិជ្ជកម្មថ្មីមួយ នៅរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងពោរពេញទៅដោយការអភិវឌ្ឍផ្ទះទំនើបៗ និងផ្ទះអាជីវកម្មជាច្រើន ។

លោកស្រីបន្តថា “ដីធ្លីនៅតំបន់នេះ ក៏នឹងមានកំណើនឡើងជាបន្តបន្ទាប់ដែរ ស្របនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពីភ្នំពេញទៅតំបន់នោះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នោះក៏កំពុងតែមមាញឹក”។

ចំណែកលោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុន Channa Land បានឱ្យដឹងផងដែរថា តំបន់ជ្រោយចង្វារ ចាប់ពីគល់ស្ពានជ្រោយចង្វារទៅផ្លូវជាតិលេខ៦ ដីធ្លីកាន់តែឡើងថ្លៃហើយពិបាកក្នុងការទិញដើម្បីអភិវឌ្ឍន៍ណាស់។ អ្នកអភិវឌ្ឍន៍នៅតំបន់នោះ គឺទិញដីហើយត្រូវអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាផ្ទះ និងខុនដូ ដែលមានតម្លៃខ្ពស់ ។

លោកបន្តថា “ជាការកត់សម្គាល់ ក៏បានឃើញថាតាមបណ្ដោយផ្លូវជាតិលេខ៦ គឺសំបូរទៅដោយលំនៅឋានតម្លៃខ្ពស់ៗ”។

មែនទែនទៅតំបន់ជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលក្នុងការអភិវឌ្ឍមិន គ្រាន់តែសក្ដានុពលនៅតំបន់ទាំងនោះ គឺអាស្រ័យទៅលើប្រភេទអចលនទ្រព្យ។ ការសាងសង់ផ្លូវក្រវ់ាត់ក្រុង ក៏ជាចំណែ​កមួយ ក្នុងការជំរុញការអភិវឌ្ឍតំបន់ជុំវិញ រាជធានីភ្នំពេញ កាន់​តែ​ផុសផុលឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here