ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ដែលនាំមុខដោយ BYD វ៉ាដាច់ក្រុមហ៊ុនធំៗរបស់ពិភពលោកសូម្បីTOYOTA

0

ដោយៈ សុខុម

សៀងហៃ: ទីផ្សាររថយន្តរបស់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកនៅពេលនេះ កំពុងបោះជំហានឆ្ពោះទៅរកអនាគតកាលនៃរថយន្តអគ្គិសនី ដោយវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ពិភពលោកគួរឱ្យស្ញើចសរសើរ។

នៅពេលក្រុមនាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតរថយន្តជួបជុំគ្នានៅទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ពិព័រណ៍រថយន្ត ដែលបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ពួកគេបានងាកមករកទីផ្សារប្រទេសចិន ដែលខុសគ្នាស្រឡះពីទីផ្សារ ដែលពួកគេបានចាកចេញក្នុងឆ្នាំ២០២១ ជាពេលដែលឧស្សាហកម្មរថយន្ត បានជួបជួបជុំគ្នា សម្រាប់ព្រឹត្តិការណ៍ដ៏រឹតត្បិតមួយ ក្រោមវិធានការគ្រប់គ្រងកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺថា ម៉ាកយីហោរថយន្តដែលផលិតនៅប្រទេសចិន ពេលនេះបាននាំមុខគេនៅក្នុងផ្នែកសំខាន់ៗ ហើយសន្ទុះកើនឡើងរបស់ក្រុមហ៊ុនចិន ទាំងនោះដែលជំរុញដោយការបញ្ចេញម៉ូឌែលរថយន្តអគ្គិសនីថ្មីៗ កំពុងដណ្ដើមបានចំណែកទីផ្សារយ៉ាងធំទាំងនៅក្នុងស្រុក និងនៅបរទេស។

នេះសរបង្ហាញឱ្យឃើញថា អ្នកឈ្នះដ៏ធំបំផុតគឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ដែលនឹងប្រើប្រាស់ព្រឹត្តិការណ៍ពិព័រណ៍នៅក្រុងសៀងហៃ នេះដើម្បីបញ្ចេញរថយន្តអគ្គិសនី (EV) ប្រភេទ Sedan និងរថយន្តអគ្គិសនីប្រភេទ SUV ដែលមានតម្លៃថ្លៃជាង។

យោងតាមការវិភាគមួយ ទៅលើទិន្នន័យលក់រថយន្តបង្ហាញថា ការលក់របស់ក្រុមហ៊ុន BYD នៅក្នុងប្រទេសចិន បានកើនឡើងជិត៦៩%នៅឆ្នាំនេះ ដែលធ្វើឱ្យក្រុមហ៊ុននេះ ដណ្ដើមចំណែកទីផ្សារបាន១១%នៃទីផ្សាររថយន្តទាំងមូល ពោលគឺច្រើនជាងចំណែកទីផ្សាររបស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen និងក្រុមហ៊ុនជប៉ុន Toyota ទៅទៀត។

លោក Bill Russo ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់អឺរ៉ុប Automobility បានលើកឡើងតាមរយៈលិខិតខ្លីមួយច្បាប់ ចេញកាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ថា “ការបែងចែកចំណែកទីផ្សារនេះគឺបង្ហាញយ៉ាងច្បាស់រវាងអ្នកឈ្នះ និងអ្នកចាញ់។ ហើយមានអ្នកឈ្នះតិចតួចណាស់ ក្រៅពីនោះសុទ្ធតែជាអ្នកចាញ់”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here