ដោយៈ សុខុម
តូក្យូ: ក្រុមហ៊ុនផលិតឡានហោះSkyDrive ទទួលបានការបញ្ជាទិញពីអតិថិជន ឯកជនដំបូងបង្អស់របស់ខ្លួន សម្រាប់ឡានហោះ២កៅអីធុន SD-05 ក្នុងតម្លៃ១,៥លានដុល្លារ។
អ្នកបញ្ជាទិញឡានហោះនេះមានឈ្មោះថា Kotaro Chiba គឺជាអ្នកបើកយន្តហោះដែលមានអាជ្ញាប័ណ្ណ ហើយលោកក៏ជាម្ចាស់ដំបូងគេនៃយន្តហោះធុនស្រាល HondaJet នៅប្រទេសជប៉ុន ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមេសា។
-->
លោក Kotaro Chiba ជាវិនិយោគិនមួយរូបដែរនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ខាងលើនេះបានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ថា”ខ្ញុំនឹងក្លាយជាម្ចាស់ដំបូងគេបង្អស់ នៃឡានហោះ SkyDrive SD-05។ SkyDrive នឹងអាចហោះហើរដោយសេរីលើដែនអាកាសជប៉ុន”។
លោក Kotaro Chiba គឺជាសហស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុនបណ្តាក់ទុនមួយដែលផ្តោតលើការផលិតដ្រូន(យន្តហោះគ្មានមនុស្សបើក)។
ក្រុមហ៊ុន SkyDrive ទទួលបានការបញ្ជាទិញពីអតិថិជនឯកជនកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា។ ក្រុមហ៊ុនគ្រោងនឹងប្រគល់ឡានហោះនេះជូនអតិថិជននៅដើមឆ្នាំ២០២៥។ តម្លៃ១,៥លានដុល្លារនេះមិនរាប់បញ្ចូលថ្លៃថែទាំនោះទេ។
នាយកប្រតិបត្តិក្រុមហ៊ុន SkyDrive លោក Tomohiro Fukuzawa បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនរបស់លោកទទួលការសាកសួរជាច្រើនពីបុគ្គល និងអាជីវកម្មអំពីឡានហោះនេះ។
លោកបានបន្ថែមថា “យើងនឹងអភិវឌ្ឍយន្តហោះ ដែលដំណើរការស្វ័យប្រវត្តិពេញលេញនៅពេលអនាគត និងលើកកម្ពស់ការសម្រេចបាននូវសង្គមមួយ ដែលមនុស្សគ្រប់គ្នាប្រើប្រាស់មេឃសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ”៕ Japan Times៕
