ក្រុមហ៊ុនដ៏ធំរបស់ថៃបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចង់វិនិយោគលើវិស័យភស្តុភារនៅកម្ពុជា

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១៩ខែមេសា បានអនុញ្ញាតឱ្យគណៈប្រតិភូ អញ្ជើញមកពីព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកSupachai Verapuchong អគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltdចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រសួងសាធារណការបានឱ្យដឹងថា ជំនួបនេះរៀបចំឡើង ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាព ក្នុងការវិនិយោគលើវិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច -ពាណិជ្ជកម្មបន្ថែមទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពេលខាងមុខ។

ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង៣០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលក្នុងផែនការមេ ភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្ត ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។

ជាមួយគ្នានេះដែរ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្តន៍។

ថ្លែងក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀ​ម​រាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។  លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។

ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ។

លោក Supachai Verapuchong ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន និងផែនការអភិវឌ្ឍនវិស័យភស្តុភារកម្មនៅកម្ពុជា ដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារ​ណការ និងដឹកជញ្ជូនជាសេនាធិការ។

ជាមួយគ្នានេះដែរ គណៈប្រតិភូដែលមានវត្តមាននាឱកាសនោះ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ ព្រមទាំងសង្ឃឹ​មយ៉ាងមុតមាំថា នឹងបានសហការគ្នាជាមួយកម្ពុជា ក្នុងពេលអនាគតឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here