សុខុម
ញូវយ៉េក: គណៈកម្មាធិការមួយនៃសភាអាមេរិក បានបោះឆ្នោតគាំទ្រការយកពន្ធឡើងវិញលើផលិតផលបន្ទះសូឡាពីប្រទេសចំនួន៤នៅអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធ ទី១៩ ខែមេសា និងបានច្រានចោលការព្យួរមុននេះរបស់ប្រធានាធិបតី ចូ បៃឌិន ដោយកំណត់សេចក្ដីសម្រេចសម្រាប់ឱ្យសភាពេញអង្គធ្វើការបោះឆ្នោតអនុម័ត។
លោក ចូ បៃឌិន បានផ្អាកយកពន្ធលើផលិតផលបន្ទះសូឡាកាលពីខែមិថុនា ឆ្នាំ២០២២ ដែលជាផ្នែកមួយនៃសសរស្តម្ភដ៏សំខាន់មួយនៃគោលនយោបាយថាមពលស្អាតរបស់លោក។
-->
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា នេះឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងលុបចោលការព្យួរការយកពន្ធនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុក ដែលលំបាកប្រកួតប្រជែងជាមួយនឹងផលិតផលបន្ទះសូឡាដែលមានតម្លៃថោកបន្ទះសូឡាដែលផលិតនៅក្រៅប្រទេស ជាពិសេសផលិតដោយក្រុមហ៊ុនចិន ទោះបីជាអ្នកទិញនៅសហរដ្ឋអាមេរិក បាននិយាយប្រឆាំងនឹងការលុបចោលក៏ដោយ។
សេចក្ដីសម្រេចនេះបានឆ្លងផុតគណៈកម្មាធិការត្រួតពិនិត្យ និងផ្ដល់អនុសាសន៍ជាមួយនឹងសំឡេងគាំទ្រ២៦សំឡេងទល់នឹង១៣សំឡេង។
សេចក្ដីព្រាងច្បាប់នេះប្រឈមនឹងការជជែកដេញដោលយ៉ាងក្ដៅគគុក។ ប្រសិនសភាបោះឆ្នោតអនុម័ត សេចក្ដីព្រាងច្បាប់នេះនឹងបញ្ជូនទៅព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលគេមិនរំពឹងថានឹងទទួលការគាំទ្រគ្រប់គ្រាន់ដើម្បីទាត់ចោលការវេតូពីសំណាក់លោក ចូ បៃឌិន។
គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានដាក់ចេញវិធានការនេះក្នុងខែមករា ក្រោមច្បាប់ស្ដីពីការត្រួតពិនិត្យសភា (CRA) ជាច្បាប់មួយដែលអនុញ្ញាតឱ្យសភាធ្វើវិសោធនកម្មច្បាប់របស់ទីភ្នាក់ងារសហព័ន្ធតាមរយៈសំឡេងគាំទ្រភាគច្រើន។
លោក ចូ បៃឌិន កាលពីឆ្នាំមុនបានលើកលែងពន្ធលើផលិតផលបន្ទះសូឡានាំចូលពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ខណៈក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាថា តើការនាំចូលទាំងនោះកំពុងគេចពន្ធលើទំនិញដែលផលិតនៅក្នុងប្រទេសចិន និងបំពានច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែរឬយ៉ាងណា។
ប៉ុន្មានខែក្រោយមក ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីសម្រេចបឋមមួយដើម្បីដំឡើងពន្ធដែលមានស្រាប់លើផលិតផលបន្ទះសូឡា និងទំនិញរបស់ចិន ដែលនាំចូលពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម៕ Reuters៕