ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ដើមឆ្នាំ២០២៣នេះទាំងវិនិយោគិន និងទេសចរជនជាតិចិន បានចូលមកកម្ពុជាជាបន្តបន្ទាប់ ដើម្បីទស្សនា និងសិក្សាពីឱកាសនៃការធ្វើជំនួញ និងវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេអាក់ខាន អស់រយៈពេលប្រមាណជិត៣ឆ្នាំ ដោយសារតែវិបត្តិនៃកូវីដ១៩ ។

ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ដើមឆ្នាំ២០២៣នេះទាំងវិនិយោគិន និងទេសចរជនជាតិចិន បានចូលមកកម្ពុជាជាបន្តបន្ទាប់ ដើម្បីទស្សនា និងសិក្សាពីឱកាសនៃការធ្វើជំនួញ និងវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេអាក់ខាន អស់រយៈពេលប្រមាណជិត៣ឆ្នាំ ដោយសារតែវិបត្តិនៃកូវីដ១៩ ។

នៅក្នុងសប្ដាហ៍នេះដែរ មានធុរជននិងវិនិយោគិនមួយក្រុមផ្សេងទៀតបានមកដល់កម្ពុជា និងចូលជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើន ដើម្បីស្វែងយល់ពីសក្ដានុពល និងឱកាសនៃការវិនិយោគក៏ដូចជាការធ្វើមុខជំនួញ រវាងកម្ពុជានិងចិន ។
នៅក្នុងជំនួបជាមួយលោកDou Xilin អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី នៅថ្ងៃទី២១ មេសា ២០២៣ លោកកៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងស្វែងរកដៃគូវិនិយោគរវាងកម្ពុជា និងចិន នៅថ្ងៃទី ២២ មេសា ២០២៣នេះ កម្ពុជានិងប្រតិភូមិមកពីក្វាងស៊ី បានរៀបចំនូវវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ចិន(ក្វាងស៊ី ) ដែលវេទិកានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា ចិន ជាពិសេសជាមួយតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ។
លោក Dou Xilin ក៏បានរៀបរាប់ ពីសក្ដានុពលរបស់ខេត្តក្វាងស៊ី ដែលជាខេត្តមានព្រំប្រទល់ ជាប់ជាមួយនឹងតំបន់អាស៊ាន ទាំងផ្លូវគោក និងផ្លូវទឹក ព្រមទាំងមានវិស័យទេសចរណ៍ដ៏សំបូរបែប។ លោកថា”តាមរយៈពិព័រណ៍ ចិន អាស៊ាន នៅទីក្រុងណាននីងកន្លងមក កម្ពុជាបាននាំចេញទៅប្រទេសចិន នូវផលិតផលសក្ដានុពលជាច្រើនដូចជាអង្ករ ចេក ដំឡូងមី ព្រមតាំងផលិតផលសក្ដានុពលផ្សេងៗទៀត ” ។
លោកបានអញ្ជើញគណៈកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន អាស៊ាន នៅទីក្រុងណាននីង ក្នុងឆ្នាំ ២០២៣នេះផងដែរ ។
លោកកៅ កោសល ក៏បានលើកឡើងថា កម្ពុជាក៏គ្រោងនឹងវៀបចំវេទិកា ជំរុញពាណិជ្ជកម្មកម្ពុជា ចិន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន អាស៊ាន នៅទីក្រុងណាននីងនោះដែរ ហើយលោកក៏បានជំរុញឱ្យភាគីចិនជួយកៀរគរធុរជន និងវិនិយោគិនចិនចូលរួម ក្នុងវេទិកានោះ ដើម្បីស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្មនៅកម្ពុជា និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ជាពិសេសទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ក៏បានបង្ហាញឱ្យដឹងថា នៅដើមឆ្នាំ ២០២៣នេះ ចំនួនអ្នកដំណើរពីប្រទេសចិន ចូលមកកម្ពុជាចាប់ផ្ដើមមានកំណើនឡើងខ្ពស់ ធៀបនឹងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ជាពិសេសចាប់តាំងពីប្រទេសចិន បានបើកឱ្យពលរដ្ឋខ្លួន អាចចេញក្រៅប្រទេស សម្រាប់ធ្វើទេសចរណ៍និងវិនិយោគផងដែរ ៕
