រដ្ឋមន្រ្តីសាធារណៈការបង្ហាញតួលេខរថយន្តមិនបានឆៀក និងប័ណ្ណបើកបរហួសសុពលភាព

0

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា មានយានយន្តជាង១៥០ពាន់គ្រឿង មិនទាន់បានឆៀក និងបណ្ណបើកបរជាង៣០០ពាន់បណ្ណ ហួសសុពលភាព។

លោកបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធមណ្ឌលឆៀកថ្មី ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ របស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីហ៊ីឃល អ៊ិនស្អេកសិន ខមភេនី (CMVIC) សាខាសំរោងអណ្តែត មានទីតាំងស្ថិតនៅលើផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន CMVIC ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មី របស់ក្រុមហ៊ុន CMVIC សាខាសំរោងអណ្ដែត សាងសង់លើផ្ទៃដីទំហំ ៥ ៥៦២ ម៉ែត្រក្រឡា មានគន្លងសម្រាប់ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចំនួន ២ខ្សែ ដោយបានតភ្ជាប់ជាមួយកម្មវិធីឆៀក ជំនាន់ទី២ ដែលមានសមត្ថភាព អាចឆៀករថយន្តបានគ្រប់ប្រភេទ។

មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តថ្មីនេះ មានរៀបចំបន្ទប់រដ្ឋបាលសម្រាប់មន្ត្រីជំនាញ បន្ទប់ការិយាល័យសម្រាប់បុគ្គលិកក្រុមហ៊ុន និងបន្ទប់រងចាំសម្រាប់ម្ចាស់យានជំនិះ ដែលមកទទួលសេវាឆៀកផងដែរ។

លើកឡើងក្នុងពិធីសម្ពោធ លោកទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវសារជាថ្មីទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើ​ម្បីឱ្យយានយន្តមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ ដែលបច្ចុប្បន្ន មានយានយន្តជាង១៥៣ពាន់គ្រឿង មិនទាន់បានឆៀក។ ជាមួយគ្នានេះ ចំពោះបងប្អូនអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព ដែលបច្ចុប្បន្នមានចំនួនប្រមាណជាង ៣៤៦ពាន់បណ្ណ ត្រូវមកប្ដូរបណ្ណបើកបររបស់ខ្លួនឱ្យស្របតាមច្បាប់កំណត់ ដើម្បីចៀសវាងការផាកពិន័យ។

ចំពោះការទទួលសេវាទាំងនោះ បងប្អូនអាចអញ្ជើញមកមណ្ឌ​លផ្ដល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប ដើម្បីទទួលសេវាដោយផ្ទាល់ ជៀសវាងការចំណាយក្រៅផ្លូវការ។

បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៥ ដែលបានទទួលអាជ្ញាបណ្ណអនុ​ញ្ញាតឱ្យធ្វើអាជីវកម្ម ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះរួមមាន៖ (១)ក្រុមហ៊ុន CMVIC មានចំនួន ១៩ទីតាំង (២) ក្រុមហ៊ុន HK Car Inspection មានចំនួន ១ទីតាំង (៣) ក្រុមហ៊ុន Future Automobile Inspection (FAI) មានចំនួន ១ទីតាំង (៤) ក្រុមហ៊ុន So Brothers Co.,Ltd មានចំនួន ១ទីតាំង និង (៥) ក្រុមហ៊ុន Auto Checks Expert មានចំនួន ១ទីតាំង ស្ថិតនៅទីរួមខេត្តតាកែវ គ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here