ដោយៈ សុខុម
ប៉េកាំងៈ ក្រោយរងការវាយប្រហារពីវិបត្តិលំនៅដ្ឋាន ដែលបានបង្កឱ្យវិស័យអចលនទ្រព្យក្នុងប្រទេសចិន ដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ២០២២ ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យចិន មួយចំនួន កំពុងចាប់ផ្តើមមើលឃើញពន្លឺ នៃក្ដីសង្ឃឹមឈានទៅរកការបញ្ចប់វិបត្តិហើយ។

-->
នេះអាចចាត់ទុកជាដំណឹងដ៏គួរឱ្យសាទរ ដែលមិនសម្រាប់តែប្រទេសចិន មួយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្ដាប្រទេសក្នុងតំបន់ផងដែរ ព្រោះសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ មានឥទ្ធិពលយ៉ាងខ្លាំង មកលើតំបន់ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគព្រមានថា វិស័យអចលនទ្រព្យប្រទេសចិន នៅតែបន្តធ្លាក់ចុះក្នុងរយៈពេលវែង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា។
ឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសចិន មានសន្ទុះកើនឡើងលឿនស្លេវដូចផ្លេកបន្ទោរ បន្ទាប់ពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយក្នុងឆ្នាំ១៩៩៨ នៅទូទាំងប្រទេសចិន ជាប្រទេសដែលការទិញផ្ទះជាលក្ខខណ្ឌទូទៅ សម្រាប់ការរៀបអាពាហ៍ពិពាហ៍កសាងគ្រួសារ ក៏ដូចជាការទិញទុកវិនិយោគផងដែរ។
រយៈពេល២ទស្សវត្សរ៍មកនេះ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន អាចសាងសង់លំនៅដ្ឋាន ក្នុងល្បឿនយ៉ាងលឿនបំផុត មិនធ្លាប់មានដោយសារប្រាក់កម្ចីធនាគារងាយស្រួល ប៉ុន្តែទន្ទឹមនេះបំណុលរបស់ក្រុមហ៊ុនទាំងនោះ ក៏បានកើនឡើងខ្លាំងហួសប្រមាណផងដែរ ដល់ថ្នាក់រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការរឹតបន្តឹងឥណទាន សម្រាប់វិស័យអចលនទ្រព្យចាប់តាំងពីឆ្នាំ២០២០។
ចាប់តាំងពីពេលនោះមក លទ្ធភាពទទួលបានឥណទានត្រូវបានកាត់បន្ថយ ហើយតម្រូវការអចលនទ្រព្យ ក៏បានដាំក្បាលចុះ ហើយជាលទ្ធផលបានបង្កឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង និងមានវិបត្តិទំនុកចិត្ត។
វិបត្តិកាន់តែធ្ងន់ធ្ងរទៅៗ ក្រោយផ្ទុះវិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande ដែលធ្លាប់តែឈានមុខគេក្នុងឧស្សាហកម្មនេះ និងបានរាលដាលទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗទៀតពេញទីផ្សារ ដោយសារអ្នកទិញបាត់បង់ទំនុកចិត្ត។
ដោយធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំបំផុតរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande ក្នុងខែនេះបានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងរៀបចំ ឥណទានឡើងវិញជាមួយក្រុមម្ចាស់បំណុលអន្តរជាតិ ហើយនេះអាចជាកិច្ចព្រមព្រៀង ដ៏សំខាន់មួយឈានទៅរកការបន្ធូរបន្ថយបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិករបស់ខ្លួន។
ក្រុមហ៊ុននេះលើកឡើងដោយការជឿជាក់ថា ផែនការរបស់ខ្លួនគឺជា “ព្រឹត្តិការណ៍ដ៏វិជ្ជមានមួយ” ដែលនឹង “សម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបន្តប្រតិបត្តិការនានាឡើងវិញ និងដោះស្រាយបញ្ហានានានៅក្នុងស្រុក”៕ AFP៕