ដោយៈយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea
ភ្នំពេញៈ នៅពេលទីផ្សារ មានចំនួនអ្នកលក់ ច្រើនជាងអ្នកទិញ តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះ ស្របពេលមនុស្សមួយចំនួនបង្ខំចិត្តលក់ ដើម្បីដោះបំណុលរបស់ពួកគេ ប៉ុន្តែការលក់បញ្ចុះតម្លៃពេលខ្លះមិនមែនជាដំណោះស្រាយទេ។
នៅពេលដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ហៅស្ថានភាពសេដ្ឋកិច្ចពិភពលោកថា Perfect Storm ច្បាស់ណាស់ពាក្យនេះពិតជាមានឥទ្ឋិពលអវិជ្ជមានដល់ទីផ្សារ ខណៈវិនិយោគិនបរទេសមួយចំនួនបានផ្អាកគំរោងរបស់ពួកគេ ហើយអ្នកវិនិយោគក្នុងស្រុកបាន និងកំពុងរង់ចាំមើលស្ថានភាព(Waiting& See)ទីផ្សារ និងសេដ្ឋកិច្ចមានភាពប្រសើរឡើង។
-->
ស្ថានភាពសេដ្ឋកិច្ចសកល
សង្រ្គាមមេរោគ(កូវីដ១៩) បានធ្វើឲ្យពិភពលោកក្រឡាប់ចាក់ ដែលអ្នកវិភាគធំៗ នៅលើពិភពលោកបានអះអាងថា សេដ្ឋកិច្ចពិភពលោកជួបមហន្តរាយ ធំជាងសង្រ្គាមលោកលើកទី២ទៅទៀត ខណៈមនុស្សរាប់លាននាក់បានឆ្លង និងស្លាប់ ដោយសារជម្ងឺដ៏កាចសាហាវប្រចាំសតវត្សរ៍នេះ។
ជាមួយនឹងការឈានទៅរកការបិទបញ្ចប់ នូវសោកនាដកម្មដ៏អាក្រក់នេះ វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង និងមិនដឹងបញ្ចប់នាពេលណា ស្របពេលសង្រ្គាមនេះ បានធ្វើឲ្យពិភពលោកជួបភាពចលាចល និងកលយុគជាថ្មី ដោយសារការកើនឡើងនូវអត្រាអតិផរណា ការកើនឡើងនូវតម្លៃប្រេងឥន្ឋនៈ ដែលនាំឲ្យអំណាចទិញធ្លាក់ចុះ។
សង្រ្គាមនេះ មិនបានធ្វើឲ្យបណ្តាបណ្តាប្រទេសទាំងអស់ ជួបហានិភ័យនៃការដាំក្បាលចុះសេដ្ឋកិច្ចនោះទេ។
ជាក់ស្តែងតំបន់អាស៊ាន ដែលមានភាពលេចធ្លោជាងគេលើពិភពលោក ជាមួយប្រជាជនជាង៦៥០លាននាក់ បានជួបនូវឱកាសមួយចំនួនផងដែរ។ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២សម្រេចបានកំណើន៥, ៥០ភាគរយ និងរំពឹងកើនដល់រង្វង់៥,៥ភាគរយនៅឆ្នាំ២០២៣នេះ។ នេះបើតាមការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបប័ណ្ណអន្តរជាតិជាដើម។
កំនើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ដើរស្របគ្នានឹងសេដ្ឋកិច្ចរបស់វៀតណាម និងស្ថិតនៅពីក្រោយកំនើនសេដ្ឋកិច្ច របស់ប្រទេសហ្វីលីពីន បើទោះជាស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងជួបភាពមិនប្រាកដប្រជាក្តី។
សុខភាពសេដ្ឋកិច្ចកម្ពុជា
ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅឆ្នាំនេះ បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានដល់វិស័យដទៃទៀត ដោយសារវិស័យនេះបានស្រោបស្រពផលដល់ផ្នែកផ្សេងទៀត នៃចរន្តសេដ្ឋកិច្ចជាតិ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថា “កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៤លាននាក់នៅឆ្នាំនេះ ស្របពេលប្រទេសនេះ បានត្រៀមរៀបចំកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍មួយចំនួនទៀតផងដែរ។
ជាមួយនឹងសញ្ញាវិជ្ជមាននេះ វិស័យកសិកម្មដែលតំណាងឲ្យកំលាំងចលករសំខាន់មួយទៀតរបស់កម្ពុជា ក៏មានសញ្ញាសុទិដ្ឋិនិយមជាមួយកំណើននៃការនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ជាមួយសាធារណៈរដ្ឋកូរ៉េ និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់(RCEP) ដែលតំណាងឲ្យ៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោក។
ទោះជាយ៉ាងណាវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងបានជួបវិបត្តិតិចតួចផងដែរ ដោយរោងចក្រជាច្រើនបានបិទទ្វារ និងកាត់បន្ថយផលិតភាព ដោយសារការបញ្ជាទិញធ្លាក់ចុះពីតំបន់អឺរ៉ុប ព្រោះវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែយ៉ាងណាវិស័កម្មន្តសាលនៅតែមានភាពល្អប្រសើរ ជាមួយនឹងកំណើនប្រកបដោយសុទិដ្ឋិនិយមផងដែរ។
អំណាចនៃការជម្រុញកំនើនសេដ្ឋកិច្ចមួយទៀត ក៏បាននិងកំពុងជួបហានិភ័យផងដែរ នោះគឺវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែយ៉ាងណាវិស័យនេះ នៅតែមានសភាពធន់ទ្រាំ នឹងការវាយប្រហារពីវិបត្តិផងដែរ ដោយសារកត្តាមួយចំនួនដូចជា ទី១ អ្នកវិនិយោគក្នុងស្រុកភាគច្រើន មិនប្រើប្រាស់លុយពីស្ថាប័នហិរញ្ញវត្ថុសម្រាប់វិនិយោគ។
ទី២ ពួកគេនៅតែមានទំនុកចិត្ត លើបរិស្ថាននយោបាយ សេដ្ឋកិច្ច សង្គម ដែលពួកគេមិនជួបភាគចលាចល ទី៣ ស្ថាប័នហិរញ្ញវត្ថុនានានៅតែបន្តផ្តល់ឥណទាន ទី៤ ទំនុកចិត្ត និងភាពសុទិដ្ឋិនិយមនៅតែមានក្នុងចិត្តរបស់ប្រជាពលរដ្ឋ ដោយសារពួកគេមានទំនុកចិត្តលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ទី៥ សេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាវិជ្ជមាន និងងើបឡើងឆាប់រហ័ស ដែលធ្វើឲ្យអំណាចទិញក្នុងទីផ្សារកើនឡើង។
អចលនទ្រព្យត្រូវការពេលវេលា ខណៈអំណាចទីផ្សារនៅតែល្អ
មានកត្តាអំណោយផលជាច្រើន បន្ថែមពីការលើកឡើងខាងលើ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ព្រោះកម្ពុជាមានកត្តាអំណោយផលជាច្រើនទៀត ដែលលើកទឹកចិត្តដល់វិនិយោគិនអន្តរជាតិ ដូចជា ទី១ ជនបរទេសមានសិទ្ឋបើកក្រុមហ៊ុននៅកម្ពុជា ដោយអាចកាន់កាប់ភាគហ៊ុន១០០ភាគរយដោយខ្លួនឯង ទី២ ច្បាប់ពន្ឋដែលលើកទឹកចិត្តដល់ជនបរទេស អាចបង្វិលប្រាក់ចំណេញពីកម្ពុជាបាន១០០ភាគរយ ទី៣ ច្បាប់ស្តីពីសហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសទិញអចលនទ្រព្យចាប់ពីជាន់ទី១ឡើង។
ទី៤ ផលចំណេញពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា នៅតែខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ ទី៤ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរដ្ឋាភិបាល ដែលបានបង្ហូរទុនរាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ កំពុងជួយដល់វិស័យនេះដោយផ្ទាល់ និងប្រយោលផងដែរ។ ទី៥ផ្អែកលើកត្តាភូមិសាស្រ្ត នយោបាយ នៅតែជាទីតាំងដែលរដ្ឋាភិបាក និងអ្នកវិនិយោគចិន នៅតែបន្តគាំទ្រ និងជម្រុញការអភិវឌ្ឍន៍កម្ពុជា ស្របពេលអ្នកវិនិយោគបរទេសជាច្រើនទៀត បាននិងកំពុងបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។
អំណាចទិញក្នុងទីផ្សារ
នៅពេលនិយាយពីអំណាចទិញក្នុងទីផ្សារ គេនិយាយអំពីសេដ្ឋកិច្ច និងប្រជាសាស្រ្ត។
លោក Li Junji ប្រធានកិត្តិយសនៃសមាគមសហគ្រិនចិន កម្ពុជាបានពន្យល់ ពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា នៅវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលប្រារព្ធឡើងនៅទីក្រុងKaohsiung បានលើកហេតុផលសម្រាប់អនុសាសន៍ របស់លោកដែលវិនិយោគិនអន្តរជាតិគួរមកវិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានមួយចំនួន ដូចជា ទី១ ប្រទេសកម្ពុជា មានស្ថានភាពនយោបាយ ស្ថិរភាពបំផុតក្នុងអាស៊ាន។ បើប្រៀបធៀបជាមួយកងទ័ពអាវលឿង កងទ័ពអាវក្រហម និងចលាចលនយោបាយរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានស្ថិរភាពល្អណាស់។
លោកបន្តថា ប្រសិនបើអ្នកចង់ធ្វើប្រតិបត្តិការលក់ផ្ទះ ពន្ធប្រតិបត្តិការគឺមានត្រឹមតែ៤%ប៉ុណ្ណោះ នៃតម្លៃអចលនទ្រព្យ ហើយពន្ធលើអចលនទ្រព្យប្រចាំឆ្នាំមានត្រឹមតែ០,១% ប៉ុណ្ណោះនៅកម្ពុជា។
យោងតាមស្ថិតិរបស់ការិយាល័យ ជំរឿនសហរដ្ឋអាមេរិកបានឱ្យដឹងថា ដោយសារហេតុផលមិនយកពន្ធ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។
លោកLi Junjiបានពន្យល់ថា អត្ថប្រយោជន៍ចុងក្រោយ គឺភាគលាភប្រជាសាស្ត្រ។ បច្ចុប្បន្នអាយុមធ្យមរបស់ប្រជាជនកម្ពុជា គឺស្ថិតនៅត្រឹមអាយុ២៧ឆ្នាំ ក្នុងនោះយុវជនក្រោមអាយុ៣៤ឆ្នាំ មានចំនួន៧០%នៃចំនួនប្រជាជនសរុប ហើយកម្ពុជាមិនមានការខ្វះខាត ក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មនោះទេ។
អ្នកវិនិយោគអចលនទ្រព្យគួរតែមានសុទិដ្ឋិយម
នៅក្នុងវិបត្តិដែលបានអូសបន្លាយចូលឆ្នាំទី៤ វាជាពេលវេលានៃវិបត្តិយូរជាងគេ បើធៀបនឹងវិបត្តិឆ្នាំ១៩៨៧ វិបត្តិឆ្នាំ១៩៩៧ វិបត្តិឆ្នាំ២០០៨។
ប៉ុន្តែការអូសបន្លាយរយៈពេលវែង នៃវិបត្តិនាពេលនេះ បាននិងកំពុងឆ្លុះបញ្ចាំងថា អចលនទ្រព្យបែបណាគួរវិនិយោគ ម្ចាស់គំរោងណាដែលអាចឈរជើងបានរ៉ឹងមាំ និងគំរោងមួយណាដែលស័ក្តិសមនឹងបោះទុនជាមួយ។
ការបង្អាក់ការវិនិយោគ ក្នុងស្ថានភាពនេះមានរឿងត្រូវពិចារណាមួយចំនួន ទី១ ការទុកលុយក្នុងទូ នឹងធ្វើឲ្យសេដ្ឋកិច្ចទាំងអស់គ្នាជួបបញ្ហា និងប្រឈមនឹងវិបត្តិ កាន់តែមានរយៈពេលវែង ទី២ ការព្យាយាមលក់អចលនទ្រព្យក្រោមតម្លៃទីផ្សារ នឹងធ្វើឲ្យទីផ្សារកាន់តែជួបភាពអាប់អួរ ទី៣ ការភ័យខ្លាច វានឹងនាំឲ្យមានវិបត្តិកាន់តែអូសបន្លាយ ទី៤ ការវិនិយោគនាពេលនេះ គួរជាពេលវេលាល្អបំផុតសម្រាប់ផលចំណេញនាពេលអនាគត។
ដំណោះស្រាយសម្រាប់រយៈពេលនេះ និងវិបត្តិពិភពលោកនៅតែមិនអាចព្យាករណ៍បានថា នឹងបញ្ចប់នាពេលណា សុទ្ឋតែជាភាពមិនច្បាស់លាស់ សុទ្ឋតែស្ថិតនៅក្នុងមូលដ្ឋាន នៃការសម្រេចចិត្តវិនិយោគឬមិនបន្ត ប៉ុន្តែឱកាសសម្រាប់ការវិនិយោគនាពេលនេះ នៅតែល្អជាងពេលណាទាំងអស់។
ហេតុផលនៅត្រង់ថា ទី១ សេដ្ឋកិច្ចកម្ពុជា កំពុងមានសញ្ញាកើនឡើងដោយសុទិដ្ឋិនិយម ជាមួយនឹងរូបភាពសាជីផ្ងា និងភាពធន់ទ្រាំទី២ ការគាំទ្ររបស់រដ្ឋាភិបាល លើវិស័យឯកជនទាំងផ្ទាល់ និងប្រយោលកើនឡើង ទី៣ ផលចំណេញរយៈពេលវែងនៅតែស្ថិតក្នុងសុទិដ្ឋិនិយម សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
ទី៤ ភូមិសាស្រ្តនយោបាយ ការប្រកាន់យកនយោបាយកាទូតបែបចម្រុះព៌ណ នៅតែរក្សាស្ថេរភាពនយោបាយកម្ពុជា និងទី៥ ការរៀបចំអ្នកបន្តវេនដឹកនាំរបស់សម្តេចតេជោ គឺជាកត្តាប្រវត្តិសាស្រ្ត និងជាព្រំក្រហម សម្រាប់កម្ពុជាឈានឡើង ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ នៅតែស្ថិតក្នុងសុទិដ្ឋិនិយមពីអ្នកវិភាគ និងសេដ្ឋវិទូនានា៕
