តម្លៃសណ្ឋាគារនៅប្រទេសជប៉ុនហក់ឡើងរហូតដល់១៥ភាគរយ ខណៈការធ្វើដំណើរក្នុងស្រុកស្ទុះងើបឡើងវិញ

0

ដោយ: គង់ លាងហួរ

តូក្យូ: ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិមួយបង្ហាញថា តម្លៃសណ្ឋាគារជាមធ្យម នៅក្នុងប្រទេសជប៉ុន ក្នុងអំឡុងត្រីមាសចុងក្រោយនេះ បានកើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ការស្ទង់មតិដែលធ្វើឡើងដោយស្ថាប័នSTR ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្តល់ទិន្នន័យទីផ្សារ លើឧស្សាហកម្មសណ្ឋាគារទូទាំងពិភពលោកបង្ហាញថា តម្លៃជាមធ្យមសម្រាប់បន្ទប់សណ្ឋាគារ ក្នុងប្រទេសជប៉ុនក្នុងអំឡុងត្រីមាស ចន្លោះពីខែមករា ដល់ខែមីនាគឺ១៦.១២៥យ៉េន (ប្រហែល១២០ដុល្លារអាមេរិក) កើនឡើងប្រហែល១៥,៧ដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ទិន្នន័យរបស់STR ក៏បង្ហាញផងដែរថា តម្លៃសណ្ឋាគារជាមធ្យមនៅទីក្រុងតូក្យូ គឺខ្ពស់បំផុតនៅក្នុងប្រទេស ក្នុងរង្វង់២១.៥៨៧យ៉េន (ប្រហែល១៦០ដុល្លារ) កើនឡើង១៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩។

ក្រុមហ៊ុនស្រាវជ្រាវ STR វាយតម្លៃថា ការកើនឡើងនេះបណ្តាលមកពី ការអនុវត្តកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ ការធ្វើដំណើរក្នុងស្រុក និងការបន្ធូរបន្ថយជំងឺកូវីដនៅក្នុងប្រទេស ក៏ដូចជាការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន និងការកើនឡើងតម្លៃអ្នកប្រើប្រាស់។

តម្លៃបន្ទប់នៅសណ្ឋាគារជប៉ុនកំពុងកើនឡើង ដោយសារការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍បរទេស ទោះបីជាកង្វះកម្លាំងពលកម្ម ដែលកំពុងបន្តរបស់ប្រទេសនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here