អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣តម្លៃ២០លានដុល្លារអាមេរិកនៅខេត្តព្រះសីហនុនឹងដាក់ដំណើរការនៅដំណាច់ឆមាសទី១

0

        ដោយៈ វឌ្ឍនៈ

ព្រះសីហនុៈ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ តម្លៃជាង២០លានដុល្លារអាមេរិក គ្រោងនឹងដាក់ដំណើរការ នៅដំណាច់ឆមាសទី១ឆ្នាំ ២០២៣នេះ ស្របនឹងអាងប្រព្រឹត្តិកម្មទី១ និងទី ២ បានដាក់ដំណើរការរួចរាល់។

លោកលី រឹទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន X-Water Technology ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះបានឱ្យដឹងនាព្រឹកថ្ងៃទី២៥ មេសាថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលរដ្ឋាភិបាលបានប្រគល់សិទ្ធិ ដល់ក្រុមហ៊ុនរបស់លោក ក្នុងការអភិវឌ្ឍន៍អាងប្រព្រឹតិ្តកម្ម ទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ នឹងត្រូវយកទឹកកខ្វក់ ដែលប្រើប្រាស់រួចមកចម្រុះរួចទើបបង្ហូរទៅសមុទ្រ ដែលវានឹងជួយបរិស្ថានបានច្រើន ធ្វើឱ្យឆ្នេរសមុទ្រកម្ពុជារក្សាសម្រស់ស្អាត ។

លោកបន្តថា អាងព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ អាចមានសមត្ថភាព ក្នុងការចម្រុះទឹកកខ្វក់ បានប្រមាណ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈអាងប្រព្រឹត្តិកម្មទី២ មានសមត្ថភាពប្រមាណ៧២០០ម៉ែត្រគូបប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ លោកបន្តថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ អាចចាត់ទុកជាគម្រោងធំៗ ជាងគេនៅលើពិភពលោក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគេ ដោយបច្ចេកវិទ្យានេះ មិនទាន់មានប្រទេសណាបានធ្វើនៅឡើយ។

លោកបន្ថែមថា តាមពិតទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ គឺមានសារសំខាន់ណាស់ ពីព្រោះថាទឹកដែលប្រើប្រាស់ហើយ មិនត្រូវបង្ហូរចូលទៅសមុទ្រភ្លាមៗទេ ពោលគឺត្រូវឆ្លងកាត់ការចម្រុះឱ្យស្អាតសិនទើបវាមិនប៉ះពាល់ដល់បរិស្ថាន ហើយតាមពិតទៅថ្លៃចំណាយលើការចម្រុះទឹកកខ្វក់នេះ គឺត្រូវការចំណាយគុណនឹង២ នៃថ្លៃផលិតទឹកស្អាតទៅទៀត ហើយនៅប្រទេសរីកចម្រើន ដែលពលរដ្ឋមានការយល់ដឹង ត្រូវចំណាយលើថ្លៃបង្ហូរទឹកកខ្វក់ ដូចនឹងថ្លៃប្រើប្រាស់ទឹកស្អាតដែរ។

លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ផងដែរថា នៅពេលអនាគត ពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ត្រូវចំណាយថ្លៃលើការបង្ហូរ ទឹកកខ្វក់ចេញពីផ្ទះផងដែរ ។ ការគណនាថ្លៃចំណាយ លើការបង្ហូរទឹកកខ្វក់នោះ គឺមានន័យថាគាត់ប្រើប្រាស់ទឹកស្អាតកាន់តែច្រើន គាត់ក៏ត្រូវចំណាយលើការបង្ហូរទឹកកខ្វក់ក៏ច្រើន ហើយអាជ្ញាធរនឹងចុះពន្យល់ពលរដ្ឋ ឱ្យយល់ដឹងពីបរិស្ថាន និងចូលរួមក្នុងការក្នុងការថែរក្សាបរិស្ថាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here