សុខុម
ប៉េកាំង: សមាគមអ្នកផលិតដែកចិន (CISA) ដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញឱ្យបណ្ដាលក្រុមហ៊ុនផលិតដែកក្នុងស្រុកកាត់បន្ថយទិន្នផលផលិតកម្ម បន្ទាប់ពីតម្លៃដែកធ្លាក់ចុះយ៉ាងលឿន ដើម្បីជួយធានាស្ថិរភាពនៃរំហូរសាច់ប្រាក់។
ក្នុងកិច្ចប្រជុំជាមួយបណ្ដាក្រុមហ៊ុនផលិតដែកកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា សមាគមនេះបានគូសបញ្ជាក់ថា តម្លៃដែកក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់រោងចក្រផលិតដែកធំៗ។
-->
ដែកថ្នាំងអំពៅនៅក្នុងការជួញដូរលើផ្សារហ៊ុនក្រុងសៀងហៃ Shanghai Futures Exchange បានធ្លាក់ចុះជិត១១%ពីចុងខែមីនា មកនៅត្រឹម៥៣២,៣៣ដុល្លារ ក្នុងមួយតោនកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា។
សមាគមបានចេញសេចក្ដីថ្លែងការណ៍នៅលើគណនី WeChat របស់ខ្លួនកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា ថា អ្នកតំណាងមកពីក្រុមហ៊ុនផលិតដែកចំនួន១៦ និងសមាគមបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ។
ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារលោហៈចិន Mysteel and Shanghai Metals Market (SMM) បានលើកឡើងតាមរយៈរបាយការណ៍មួយថា ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតដែកមួយចំនួននៅភាគពាយព្យ និងភាគខាងជើងនៃប្រទេសចិន បានចាប់ផ្ដើមធ្វើការជួសជុលឡរំលាយរ៉ែដែកដែលផ្ទុះខូច បន្ទាប់ពីទទួលរងការខាតបង់។
លោក Connie Zhang អ្នកវិភាគខាងដែកនៅក្រុមហ៊ុន SMM លើកឡើងថា “រោងចក្រផលិតដែកក្នុងតំបន់ទាំងនេះបានប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំងដោយសារតែស្តុកដែកច្រើនពេក”។
យោងតាមក្រុមហ៊ុន Mysteel ឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារ ទី២៥ ខែមេសា មានរោងចក្រផលិតដែកជាង៣០បានដាក់ចេញផែនការជួសជុលថែទាំ៕ Reuters៕
