បុកល្ហុងខ្មែរជាប់ចំណាត់ថ្នាក់ជាមុខម្ហូបបែបសាឡាដល្អបំផុតមួយនៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: បុកល្ហុងកម្ពុជាទទួលបានចំណាត់ថ្នាក់ជាមុខម្ហូបបែបសាឡាដល្អបំផុតនៅលើពិភពលោក ពីសំណាក់វេបសាយ TasteAtlas ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍តាមអុីនធឺណេត សម្រាប់អាហារបែបប្រពៃណី ដែលរួមបញ្ចូលនូវរូបមន្តពិតប្រាកដ ស្រាវជ្រាវអំពីគ្រឿងផ្សំ និងមុខម្ហូបដ៏ពេញនិយម។

បុកល្ហុងខ្មែរ ជាប់ចំណាត់ថ្នាក់ទី២៨ ជាមួយនឹងពិន្ទុ៤,២ ក្នុងចំណោមមុខម្ហូបសាឡាដចំនួន៥០មុខដ៏ល្អបំផុតនៅក្នុងពិភពលោក។

មគ្គុទ្ទេសក៍ TasteAtlas បានអះអាងទៀតថា បុកល្ហុង គឺជាមុខម្ហូបខ្មែរ ដែលគេយកផ្លែល្ហុងខ្ចីមកធ្វើជាសាឡាដយ៉ាងពេញនិយម នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

យោងតាម TasteAtlas បានឱ្យដឹងថា មិនដូចបុកល្ហុងបែបថៃ ដែលប្រើសរសៃផ្លែល្ហុងស្តើងៗ ហើយជាធម្មតាតម្រូវឱ្យផ្លែល្ហុងបុកជាមួយគ្រឿងផ្សំផ្សេងទៀតនោះទេ តែបុកល្ហុងបែបខ្មែរ ស្រដៀងនឹងបែបឡាវ និងបែបវៀតណាម ដែលប្រើផ្លែល្ហុងសាប់ជំនួសវិញ ដោយមិនបុកនោះទេ។

សាឡាដបែបនេះ តែងតែមានដាក់អម្ពិល រំដែង និងប្រហុក ដែលជាប្រភេទត្រីផ្អាប់របស់ខ្មែរ។ បុកល្ហុងខ្មែរក៏ដាក់ត្រីឆ្អើរ ឬក្តាមប្រៃផងដែរ ហើយជាធម្មតា វាត្រូវបានបរិភោគជាមួយបាយចំហុយ និងសាច់អាំងដូចជាសាច់មាន់ជាដើម។

ភាពខុសប្លែកគ្នាដ៏សំខាន់មួយរវាងសាឡាដល្ហុងបៃតងបែបប្រពៃណីរបស់ឡាវ និងបុកល្ហុងបែបខ្មែរ គឺការប្រើប្រាស់ទឹកប្រហុកជំនួសឱ្យទឹកត្រី ដែលជាធម្មតាត្រូវបានគេប្រើកាលពីមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here