កំពង់ផែក្រុងព្រះសីហនុគ្រោងចរចាជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនដើម្បីជំរុញឱ្យរថយន្តកុងតឺន័រឆ្លងកាត់

0

ដោយៈ វឌ្ឈនៈ

ព្រះសីហនុៈ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានចាប់ផ្ដើមបើកដំណើរការ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ហើយក៏មានរថយន្តរាប់លានគ្រឿង បានឆ្លងកាត់លើផ្លូវនេះ តែអ្វីដែលគួរកត់សម្គាល់នោះ គឺរថយន្តដឹកទំនិញធំៗ ( កុងតឺន័រ) មិនមានវត្តមានលើផ្លូវមួយនេះទេ។

កំពង់ផែក្រុងព្រះសីហនុ និងក្រុមហ៊ុនគ្រប់គ្រង ផ្លូវល្បឿនលឿនគ្រោងនឹងជួបចរចា ដើម្បីរកដំណោះស្រាយឱ្យរថយន្តកុងតឺន័រ អាចឆ្លងកាត់ផ្លូវនេះ កាន់តែច្រើន។

លោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៥ មេសាថា រហូតមកដល់ពេលនេះ រថយន្តដឹកទំនិញធុនធំ និងរថយន្តកុងតឺន័រមិនទាន់ឆ្លងកាត់ផ្លូវល្បឿនលឿននៅឡើយទេ គឺនៅតែបន្តឆ្លងកាត់តាមផ្លូវជាតិលេខ៤ដដែល ។

លោកបន្តថា “រថយន្តកុងតឺន័រដែលឆ្លងកាត់ ផ្លូវល្បឿនលឿនត្រូវចំណាយថ្លៃ ហើយនៅពេលរថយន្តមានបញ្ហាណាមួយ ដូចជាខូចបែកកង់ ក៏ត្រូវចំណាយថ្លៃខ្ពស់ ដើម្បីអូសសណ្ដោងរថយន្តនោះចេញពីផ្លូវល្បឿនលឿន”។លោកបន្តថា “ដូច្នេះយើងគ្រោងនឹងជួបចរចាជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីរកដំណោះស្រាយណាមួយសមរម្យដើម្បីឱ្យរថយន្តកុងតឺន័រ និងរថយន្ដដឹកទំនិញធុនធំអាចឆ្លងកាត់បាន”។

លោកលូ គឹមឈន់បានបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវល្បឿនលឿន ជួយឱ្យអ្នកដឹកជញ្ជូនបានលឿនរហ័ស ឧទាហរណ៍ថាក្នុងរយៈ៣ថ្ងៃ គាត់ដឹកបានមួយជើងតាមផ្លូវលេខ៤ តែបើប្រើផ្លូវល្បឿនលឿនគាត់អាចដឹកបាន១ជើងក្នុងមួយថ្ងៃ ។ ប៉ុន្តែបើសិនជាផ្លូវល្បឿនលឿនយកកម្រៃខ្ពស់ពេក ហើយនៅពេលរថយន្តខូចខាត នៅលើផ្លូវល្បឿនលឿនត្រូវអូសចេញ អស់ថវិកាច្រើនទៀត ដូច្នេះអ្នកដឹកជញ្ជូនអាចនឹងមិនប្រើប្រាស់ផ្លូវល្បឿនលឿន ហើយនៅតែបន្តប្រើប្រាស់ផ្លូវជាតិ លេខ៤ដដែល។

កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងសមាគមដឹកជញ្ជូនអ្នកដំណើរកម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសម្រួលតម្លៃសេវាពេលឆ្លងកាត់ផ្លូវល្បឿនលឿន ពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរកម្ពុជា ដោយនឹងបញ្ចុះតម្លៃចន្លោះពី២០ភាគរយ ទៅ២៥ភាគរយ និង៣០ភាគរយទៅតាមចំនួនយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿន។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានលើកឡើងផងដែរថា ផ្លូវល្បឿនលឿនជាចំណែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាផ្លូវសំខាន់ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចមួយទៅប៉ូលសេដ្ឋកិច្ចមួយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានស្វះស្វែងរកក្រុមហ៊ុន មកវិនិយោគលើផ្លូវល្បឿនលឿន។

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការជាងកន្លះឆ្នាំហើយ ហើយផ្លូវល្បឿនលឿនមួយខ្សែទៀត ដែលភ្ជាប់ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៧ មិថុនា ២០២៣ខាងមុខនេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here