ដោយ: គង់ លាងហួរ
ភ្នំពេញ: សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម តាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ត្រូវបានឯកភាពទាំងស្រុង ដោយគណៈកម្មការទី៩នៃព្រឹទ្ធសភាទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
ផ្អែកលើច្បាប់ ឬកិច្ចព្រមព្រៀងនេះ ក្រៅពីជួយធ្វើឱ្យប្រសើរឡើងនូវជីវភាព របស់ប្រជាជនរស់នៅ តាមព្រំដែនទំាងពីរប្រទេស វាក៏នឹងក្លាយជាយន្តការ សម្រួលពាណិជ្ជកម្មទ្វេរភាគី ឱ្យកាន់តែប្រសើរឡើងជាងមុនផងដែរ។
-->
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសា សន៍ថា “សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែក ក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត បន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនរវាងកម្ពុជា-វៀតណាម”។

លោក ប៉ាន សូរស័ក្តិ សង្កត់ធ្ងន់ថា “កិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការ ក្នុងការជួយសម្រួលដល់ពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ដើម្បីជាការឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗផងដែរ”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ប្រសិនបើយើងមានច្បាប់ស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម នោះវាជួយការពារ និងផ្តល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមករវាងប្រទេស ជាប្រជាជនក៏ដូចជាអាជីវករទាំងពីរប្រទេស”។

លោកឧកញ៉ាបន្តទៀតថា កន្លងមកនេះ យើងជួបបញ្ហាបិទព្រំដែនដោយឯកត្តោភាគី ដែលវាធ្វើឱ្យប៉ះពាល់ដល់ការធ្វើជំនួញឆ្លងដែន ប៉ុន្តែបើយើងមានច្បាប់ខាងលើ វាល្អប្រសើរណាស់ ហើយវាដើរស្របទៅនឹងការជំរុញពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាស៊ាន ពិសេសជាមួយវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរប្រទេសបានឯកភាពគ្នា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួម នៅតាមព្រំដែន ក៏ដូចជាផ្សារ សម្រាប់ដាក់លក់ផលិតផលកសិកម្មរបស់កម្ពុជា។
លោកឧកញ៉ាបានឱ្យដឹងទៀតថា ពេលកន្លងមក កម្ពុជាមិនទាន់មានច្បាប់ ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសនិងប្រទេសផង តែធ្វើការជួញដូរ ជាមួយគ្នាមានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារអាមេរិក ហើយប្រសិននាពេលខាងមុខ យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនថែមទៀតនោះ ការធ្វើពាណិជ្ជកម្មទ្វេរភាគីនឹងកាន់តែល្អប្រសើរ។
លោកឧកញ៉ាបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ វានឹងផ្តល់ផលប្រយោជន៍ទំាងសងខាង នៅពេលយើងមានច្បាប់នេះ ដូច្នេះយើងអាចទាក់ទាញវិនិយោគិនវៀតណាម ឱ្យចូលមកបណ្តាក់ទុនវិនិយោគរនៅកម្ពុជា”៕
