ក្រុមអ្នកកាសែតមកពីបណ្ដាប្រទេសមេគង្គ-ឡានឆាង មកទទួលការបណ្ដុះបណ្ដាលនៅកម្ពុជា

0

ដោយៈ សុខុម

ភ្នំពេញ: វាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការបណ្ដុះបណ្ដាល សម្រាប់ក្រុមអ្នកកាសែតមកពីប្រទេសជាច្រើននៅក្នុងតំបន់ ព្រោះកន្លងមកមានតែអ្នកកាសែតកម្ពុជា ទេដែលទៅទទួលការបណ្ដុះបណ្ដាលនៅក្រៅប្រទេស។

អ្នកកាសែតជាង៦០រូប មកពីប្រទេសចំនួន៦ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធទី២៦ ខែមេសា នេះដើម្បីចូលរួមសិក្ខាសាលាបណ្ដុះបណ្ដា​លស្ដីពី ការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់តំបន់ទន្លេមេគង្គ ដ៏មានសន្តិភាព ស្ថិរភាព និងវិបុលភាព។

កម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា (IRIC) នៅរាជបណ្ឌិត្យសភាកម្ពុជា ជាមួយក្លឹបអ្នកកាសែតកម្ពុជា សិក្ខាសាលាបណ្ដុះបណ្ដាល ផ្នែកសារព័ត៌មានលើកទី២ ប្រចាំតំបន់ទន្លេមេគង្គ នេះនឹងជួយឱ្យក្រុមអ្នកកាសែត យល់ដឹងកាន់តែស៊ីជម្រៅអំពីនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃបណ្ដាប្រទេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោក គិន ភា អគ្គលេខាធិការនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា (IRIC) មានប្រសាសន៍ថា នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដា​លដែលមានរយៈពេល៣ថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រព័ន្ធនយោបាយ និងប្រព័ន្ធបោះឆ្នោត សេដ្ឋកិច្ចសង្គម ក្របខណ្ឌកិច្ចប្រតិបត្តិការថ្នាក់តំបន់ និងចំណុចសំខាន់ៗជាច្រើនទៀត នៃបណ្ដាប្រទេសក្រោមកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង។

លោកសបញ្ជាក់ថា “សិក្ខាសាលានេះ ក៏ក្លាយជាវេទិកាមួយផងដែរ ដើម្បីធ្វើឱ្យកាន់តែឡើងនូវការចែករំលែកព័ត៌មាន និងការកសាងបណ្ដាញទំនាក់ទំនង ក្នុងចំណោមក្រុមអ្នកកាសែត ដែលមកពីបណ្ដាប្រទេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង”។

បណ្ដាប្រទេស ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានប្រទេសកម្ពុជា ប្រទេសចិន ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសវៀតណាម៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here