វិមានក្រឹមឡាំង ព្រមានរឹបអូសទ្រព្យសម្បត្តិរបស់លោកខាងលិច បន្ថែមទៀតជាការសងសឹក

0

ដោយៈ សុខុម

ម៉ូស្គូ: វិមានក្រឹមឡាំង បានព្រមានក្ដែងៗកាលពីថ្ងៃពុធ ទី២៦ ខែមេសា ថា ខ្លួនអាចនឹងរឹបអូសទ្រព្យសម្បត្តិ របស់លោកខាងលិច បន្ថែមទៀតជាការសងសឹក ចំពោះចំណាត់ការប្រឆាំងនឹងបណ្ដាក្រុមហ៊ុនរុស្ស៊ី។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានរឹបអូសយកមកកាន់កាប់ជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន២។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃអង្គារ ទី២៥ ខែមេសា បានចុះហត្ថលេខាលើក្រឹត្យ រឹបអូសយកមកកាន់កាប់ជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហ្វាំងឡង់ Fortum និងក្រុមហ៊ុនអាល្លឺម៉ង់ Uniper ដែលក្រុមហ៊ុនទាំង២នេះ ដំណើរការរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី។

ជាការឆ្លើយតប ក្រុមហ៊ុន Fortum និយាយថា ខ្លួនកំពុង “បើកការស៊ើបអង្កេត” ខណៈក្រុមហ៊ុន Uniper ដែលធ្លាប់ជាបុត្រសម្ព័ន្ធរបស់ Fortum បញ្ជាក់ថា ខ្លួនកំពុង “ពិនិត្យមើល” ចំណាត់ការនេះ។

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ នៃប្រទេសអាល្លឺម៉ង់ បញ្ជាក់ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង ចាំបាច់ត្រូវធ្វើការវាយតម្លៃផលប៉ះពាល់ ជាក់ស្តែងនៃក្រឹត្យរបស់ប្រទេសរុស្ស៊ី។

លោកស្រី Tytti Tuppurainen រដ្ឋមន្ត្រីជិតចប់អាណត្តិនៃប្រទេសហ្វាំងឡង់ ទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា ដំណឹងនេះ “គួរឱ្យព្រួយបារម្ភ” ហើយថារដ្ឋក្នុងនាមជាម្ចាស់ភាគច្រើន របស់ក្រុមហ៊ុន Fortum នឹងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។

ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ទាំងកំហឹងឆេះឆួលឆ្លើយតបទៅនឹងព័ត៌មាន ដែលចុះផ្សាយថា ក្រុមប្រទេស G7 កំពុងពិចារណាដាក់បម្រាមទាំងស្រុង លើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ខណៈប្រទេសជាច្រើន បានអំពាវនាវឱ្យដាក់ទណ្ឌកម្ម កាន់តែធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ក៏កំពុងសម្លឹងរកឱកាសយកមកប្រើប្រាស់ នូវទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីកសាងប្រទេសអ៊ុយក្រែន ឡើងវិញផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here