ភ្នំពេញ ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2023 – ធនាគារ ហត្ថា ម.ក ជាធនាគារពាណិជ្ជដែលមានបណ្ដាញធំបំផុតលំដាប់ទី២ ផ្អែកលើសាខាប្រតិបត្តិការក្នុង ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ Frontier Market Issue Award 2022 ពី International Financing Review Asia (IFR Asia Awards) ដែលរៀបចំដោយ International Financing Review Asia។ ពានរង្វាន់នេះបានទទួលស្គាល់ពីសមិទ្ធផលឆ្នើម និងភាពជោគជ័យក្នុងការបោះជំហានចូលផ្សារមូលបត្រនៅក្រៅប្រទេស(ទីផ្សារមូលបត្រព្រះរាជាណាចក្រថៃ) ដើម្បីបោះផ្សាយមូលបត្របំណុល ក្នុងគោលដៅកែនប្រមូលមូលនិធិពីក្រៅប្រទេសមកបំពេញតម្រូវការឥណទានរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា យកទៅពង្រីកមុខរបរ ឬអាជីវកម្ម។
ពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។
គូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ធនាគារ ហត្ថា បានបោះផ្សាយមូលបត្របំណុលដោយជោគជ័យក្នុងចំនួនទឹកប្រាក់ប្រមាណ ៨០ លានដុល្លារអាមេរិក ជារូបិយបណ្ណថៃបាត នៅក្នុងផ្សារមូលបត្រនៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងចម្បង កែនប្រមូលមូលនិធិពីក្រៅប្រទេសមកបំពេញតម្រូវការឥណទានរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា យកទៅពង្រីកមុខរបរ ឬអាជីវកម្មដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។
-->
ឆ្លៀតក្នុងឱកាសប្រកបដោយក្តីមោទនានេះ ធនាគារ ហត្ថា ម.ក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការខិតខំគាំទ្រពីអាជ្ញាធរអាណាព្យាបាល គឺធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា រហូត ធនាគារ ហត្ថា ទទួលបានភាពជោគជ័យក្នុងការបោះផ្សាយបណ្ណបំណុល និងឈ្នះពានរង្វាន់ IFR Asia Awards “Frontier Markets Issue in 2022” នាពេលនេះ។

អំពីធនាគារ ហត្ថា៖
ធនាគារ ហត្ថា ម.ក បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត នៅក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ។
គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង ៦៤៣ ពាន់គណនី ដែលមានផលប័ត្រសរុបជាង ១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង ១.៣ ពាន់លានដុល្លារ។ ធនាគារ ហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។
ធនាគារ ហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។
