ដោយ: គង់ លាងហួរ
សិង្ហបុរី: ក្រុមហ៊ុនមេ Capital A របស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia របស់ម៉ាឡេស៊ី កំពុងពង្រីកអាជីវកម្មថែទាំយន្តហោះរបស់ខ្លួន ជាមួយទុនវិនិយោគចំនួន១០០លានដុល្លារ ខណៈដែលតម្រូវការធ្វើដំណើរបន្តកើនឡើងវិញ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធថែរទាំ យន្តហោះរបស់ក្រុមហ៊ុនមេ Capital A គឺ Asia Digital Engineering កាលពីពេលម្សិលមិញនេះបានប្រកាសផ្តល់មូលនិធិពី OCP Asia ដែលជាក្រុមហ៊ុនវិនិយោគមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ Asia Digital Engineering នឹងប្រើប្រាស់ប្រាក់មួយផ្នែក សម្រាប់ចំណាយលើរោងចក្រថែរទាំ យន្តហោះដែលកំពុងស្ថិតក្រោមការសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ដែលអាចផ្ទុកយន្តហោះចំនួន១៤គ្រឿង។
គម្រោងសាងសង់នេះ ត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ចប់នៅឆមាសទីមួយ ឆ្នាំ២០២៤។
លោក Mahesh Kumar នាយកប្រតិបត្តិនៃក្រុមហ៊ុន ADE បានលើកឡើង ពីផែនការថែទាំទំនើបបំផុត បន្ថែមពីលើគ្រឿងបរិក្ខារដែលមានស្រាប់ នៅមជ្ឈមណ្ឌលប្រតិបត្តិការស្នូលរបស់ AirAsia ជាការធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាផ្នែកថែទាំ ជួសជុល និងអ្នកផ្តល់សេវាកម្មជួសជុលយន្តហោះដ៏ធំបំផុតមួយនៅក្នុងតំបន់។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ ADE ដែលត្រូវបានក្រុមហ៊ុនមេ Capital A ចែកចេញពីផ្នែកថែទាំរបស់ AirAsia ក្នុងឆ្នាំ២០២០ ក៏កំពុងពង្រីកប្រតិបត្តិការទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍ក្រៅប្រទេសផងដែរ។
ជាក់ស្តែង ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ បានទទួលការបញ្ជាទិញថែរទាំពីក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាប Cebu Pacific Air របស់ប្រទេសហ្វីលីពីន និងក្រុមហ៊ុន Scoot របស់ប្រទេសសិង្ហបុរី៕