ខេត្តស្វាយរៀងពិសេសក្រុងបាវិតទាក់ទាញតំបន់សេដ្ឋកិច្ច ពិសេសច្រើនជាងគេ

0

        ដោយៈ គង់ សូរិយា

        ស្វាយរៀងៈ អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុលបានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១២កន្លែង និងកំពុងដំណើរការចំនួន៩កន្លែង។

ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី”ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង”កាលពីព្រឹកថ្ងៃទគី២៧ មេសា លោក ម៉ែន វិបុល បានគូសបញ្ជាក់ថា សហគ្រាសមួយចំនួនទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែ​លមានរោងចក្រ សហគ្រាស សរុបមានចំនួន២៦២កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ប្រមាណជាង៩ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផលរបរដែលកម្មករនិយោ​ជិត ទទួលបានពីការបំពេញការងារនៅតាមរោងចក្រ សហគ្រាស មានប្រមាណ២៣ ទៅ២៥លានដុល្លារអាមេរិកក្នុងមួយខែ។ លោកបន្ដទៀតថា កម្មករ កម្មការិនីទាំងអស់ ដែលកំពុងបម្រើការងារនៅតាមរោចក្រ សហគ្រាស សុទ្ធតែទទួលបាននូវប្រព័ន្ធគាំពារសង្គម លើការថែទាំសុខភាព តាមរយៈការទទួលបាន នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់ក្នុងការថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

លោកម៉ែន វិបុល បានអះអាងថា វិស័យផលិតកម្មសំខាន់ៗ ក្រៅពីសម្លៀកបំពាក់ រួមមាន ដំឡើងរថយន្ដ ផលិតកង់ នាឡិកា សំបកកង់ឡាន ម៉ាស់ បរិក្ខាសុខាភិបាល អំពូលភ្លើង ត្រង់ស្វូរអគ្គិសនី ឆ័ត្រ គ្រឿងសង្ហារឹម បារី តុក្កតា សាឡុង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រា​ប់គោលដៅនាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសផ្សេងៗទៀត។

លោកបានរំលឹកដែរថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស ព្យួរការងារ ចំនួន៣២រោងចក្រ សហគ្រាស ស្មើនឹង១១២លើក ក្នុងនោះរោងចក្រ ក្នុងវិស័យកាត់ដេរ ដែលទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២២រោងចក្រ ស្មើនឹងចំនួន៩១លើក កម្មករ និយោជិតដែលទទួលបានប្រាក់ចំនួន២៦,៣២៦នាក់ (ស្រី ២១,១៦៨នាក់) ស្មើនឹងទឹកប្រាក់ចំនួន១,១១៩,៧៥០ដុល្លារ និងរោងចក្រក្រៅវិស័យកាត់ដេរ មិនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០រោងចក្រ ស្មើនឹងចំនួន២១លើក។

តំបន់សេដ្ឋកិច្ចពិសេសទាំង៩ ដែលកំពុងដំណើរការនោះ រួមមាន ទី១ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង ទី២ តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ទី៣ តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ) ទី៤ តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ទី៥ តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ទី៦ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ទី៧ តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ទី៨ តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍ និងទី៩ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here