ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងអំឡុងឆ្នាំ ២០១៧ រហូតដល់ចុងឆ្នាំ ២០១៩ ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍខ្លាំង ហើយក្នុងនោះមានវិនិយោគិនជាច្រើនចាប់អារម្មណ៍ និងសម្រុកវិនិយោគលើអគារសំណង់ និងវិស័យជាច្រើនក្នុងខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនជនជាតិចិន។

ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្នុងអំឡុងឆ្នាំ ២០១៧ រហូតដល់ចុងឆ្នាំ ២០១៩ ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍខ្លាំង ហើយក្នុងនោះមានវិនិយោគិនជាច្រើនចាប់អារម្មណ៍ និងសម្រុកវិនិយោគលើអគារសំណង់ និងវិស័យជាច្រើនក្នុងខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនជនជាតិចិន។

ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់មានវិបត្តិកូវីដ១៩ សកម្មភាពវិនិយោគនៅក្នុងខេត្តនេះ ក៏បានថមថយជាបន្តបន្ទាប់ តែមកដល់ពេលនេះ ការវិនិយោគក៏ចាប់ផ្ដើមជាមួយទម្រង់៣ប្រភេទ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងនៅក្នុងសប្តាហ៍នេះថា បច្ចុប្បន្ននេះ វិនិយោគិនបរទេស ទាំងវិនិយោគិនចិន និងវិនិយោគិនជាតិសាសន៍ផ្សេងទៀត បានចូលមកកាន់ខេត្តព្រះសីហនុវិញបណ្ដើរៗហើយក្នុងនោះដែរ ការវិលចូលរបស់ពួកគេគឺមានទម្រង់៣ប្រភេទ។
លោកបន្តថា ទម្រង់ទី១ គឺជាក្រុមអ្នកវិនិយោគ ដែលតស៊ូក្រាញននៀលជាមួយនឹងវិបត្តិ និងបញ្ហាដែលកម្ពុជា ក៏ដូចជា ពិភពលោកជួបប្រទះ ។ ពួកគាត់មិនបានទៅណាទេ គឺនៅតែបន្តការងារដោយលំបាករបស់ខ្លួន ហើយរង់ចាំពេលណាស្ថានភាព បានប្រសើរពួកគាត់ នឹងចាប់ផ្ដើមសម្រុកការងារឡើងវិញ ហើយក្រោយពីវិបត្តិកូវីដ១៩បានបញ្ចប់ គម្រោងវិនិយោគ ដែលក្រុមវិនិយោគទាំងនេះបានធ្វើ ក៏ចាប់ផ្ដើមបញ្ចប់ និងដាក់ដំណើរការជាបន្តបន្ទាប់ផងដែរ ។
សម្រាប់ទម្រង់ទី២គឺ ជាក្រុមអ្នកវិនិយោគបានផ្អាកសកម្ម ដោយសារវិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យពួកគេមិនមានលទ្ធភាព ក្នុងការបន្តសកម្មភាព ។ ក្រោយរដ្ឋាភិបាលបានបើកទូលាយឡើងវិញ និងអនុញ្ញាតឱ្យមានការវិនិយោគពីខាងក្រៅ ក្រុមអ្នកវិនិយោគទាំងនេះ ក៏បានស្វែងរកការវិនិយោគពីខាងក្រៅ ដើម្បីបន្តប្រតិបត្តិការគម្រោងវិនិយោគរបស់ខ្លួនឡើងវិញផងដែរ។
ក្រុមអ្នកវិនិយោគទាំងនេះ ក៏បានបន្តទាក់ទង ជាមួយអាជ្ញាធរ និងរដ្ឋបាលខេត្ត ពីការអនុគ្រោះនានា ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងបន្តគម្រោងរបស់ខ្លួន។
ការវិនិយោគទម្រង់ទី៣ នៅក្នុងខេត្តព្រះសីហនុ ជាក្រុមអ្នកវិនិយោគថ្មីៗទាំងចិន និងប្រទេសផ្សេងៗទៀត ក៏បានចូលមករកការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ ជាក់ស្ដែង ក្រោយស្ថានភាពវិបត្តិកូវីដ១៩បានធូរស្រាល និងស្ទើរបញ្ចប់ទាំងស្រុងទៅហើយនោះ វិនិយោគិនបរទេសជាច្រើន បានមកកាន់ខេត្តព្រះសីហនុ និងកំពុងសម្លឹងពីឱកាសក្នុងការវិនិយោគនៅក្នុងខេត្តនេះ ដោយរំពឹងថានៅចុងឆ្នាំនេះ សកម្មភាពវិនិយោគនៅក្នុងខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ៕