ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងវិនិយោគខ្សែរ៉កក្រោមការវិនិយោគ របស់វិនិយោគិនអូទ្រីស នៅក្នុងខេត្តព្រះសីហនុ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សានៅឡើយទេ ដោយមិនទាន់កំណត់ពេលវេលាក្នុងការចាបផ្ដើមអភិវឌ្ឍន៍នៅឡើយទេ។
គម្រោងនេះ នឹងត្រូវអភិវឌ្ឍនៅ ក្នុងគម្រោង Bay Of Light របស់ក្រុមហ៊ុន Canopy Sands Development ជាបុត្រសម្ព័ន្ធរបស់ Prince Holding ។
លោក David Richard នាយកផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍នៃក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងអភិវឌ្ឍន៍ជិះខ្សែរ៉កដំបូងគេ នៅក្នុងខេត្តព្រះសីហនុ គឺគ្រោងនឹងតភ្ជាប់ពីផ្លាកខ្មែរធ្វើបាន ទៅកាន់ទីក្រុងរាមស៊ីធី នៃរបស់គម្រោង Bay Of Light ហើយបច្ចុប្បន្ននេះ គម្រោងវិនិយោគខ្សែរ៉កនេះដែរ មិនទាន់ច្បាស់លាស់ពីកាលបរិច្ឆេទនៃការសាងសង់នៅឡើយទេ ។
លោកបន្តថា ”ពេលនេះ ក្រុមហ៊ុនវិនិយោគមកពីអូទ្រីស បាននិងកំពុងសិក្សា ពីលទ្ធភាពរបស់ខ្លួនក្នុងការអភិវឌ្ឍ ដោយមានអ្នកជំនាញនៃក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ បានមកសិក្សាបន្ថែមយ៉ាងលំអិតរួចហើយ ” ។
លោកបន្តថា នៅពេលគម្រោងខ្សែរ៉កនេះ សាងសង់រួច នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ ទាក់ទាញកាន់តែខ្លាំង ហើយរំពឹងថា ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងចូលមកកាន់ខេត្តព្រះសីហនុ ស្របនឹងគម្រោងអភិវឌ្ឍន៍ Bay Of Light របស់យើងក៏កំពុងតែសម្រុកក្នុងការអភិវឌ្ឍ ទៅតាមដំណាក់កាលជាបន្តបន្ទាប់ ។
បើតាមលោក Ian Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Canopy Sands Development បានឱ្យដឹងថា បើតាមការរំពឹងរបស់ក្រុមហ៊ុនវិនិយោគ គម្រោងអភិវឌ្ឍន៍ខ្សែរ៉កនេះ នឹងអាចចាប់ផ្ដើមសាងសង់នៅ រយៈ៥ឆ្នាំខាងមុខ តែបើសិនមានអ្វីប្រែប្រួល វាអាចនឹងពន្យារពេលបន្តិច ឬក៏អាចឆាប់ៗដូច្នេះហើយ ទើបយើងបានអាចកំណត់ពីកាលបរិច្ឆេទច្បាស់លាស់។
លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ផងដែរថា ការសិក្សាគម្រោងវិនិយោគខ្សែរ៉កនេះ មិនមែនជាការសិក្សាលេងៗនោះទេ គឺក្រុមហ៊ុនបានតាំងចិត្តមកសិក្សា និងតាំងចិត្តក្នុងការវិនិយោគពិតៗ ហើយក៏កំពុងសិក្សាឱ្យបានចប់សព្វគ្រប់និងឈានទៅដល់ការចាប់ផ្ដើមអភិវឌ្ឍន៍នៅពេលឆាប់ៗនេះ៕