ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រសួងការបរទេសចិនបានឱ្យដឹងថា រថភ្លើងដឹកទំនិញចិន -អឺរ៉ុបបានដឹកជញ្ជូនទំនិញ ដែលមានតម្លៃជាង៣០០ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ដែលជាការជំរុញកំណើនសេដ្ឋកិច្ច នៅអឺរ៉ាស៊ី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។
លោកស្រី Mao Ning អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួនជាង៦៥.០០០ខ្សែ បានដឹកជញ្ជូនទំនិញច្រើនជាង៦លានTEUs ទៅកាន់ទីក្រុងចំនួន២០០ ក្នុងប្រទេសចំនួន២៤នៅអឺរ៉ុប។
-->
លោកស្រី Mao Ning បានបន្តទៀតថា“ចាប់តាំងពីគម្រោង BRI ត្រូវបានដាក់ឱ្យដំណើរការកាលពី១០ឆ្នាំមុន ផ្លូវរថភ្លើងចិន-អឺរ៉ុប Express បានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ នៅទូទាំងទ្វីបអឺរ៉ាស៊ី និងជាសរសៃឈាមនៃកិច្ចសហប្រតិបត្តិការ BRI ។ វាជារទេះដែកដែលអាចជំរុញការឯកភាពគ្នា និងធ្វើឱ្យមានភាពរឹងមាំនៅទូទាំងទ្វីបអឺរ៉ាស៊ី”។
ជាក់ស្តែង នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ ពាណិជ្ជកម្មបរទេសរវាងប្រទេសចិន និងបណ្តាប្រទេសនៅតាមបណ្តោយគម្រោងBRI បានកើនឡើងរហូតដល់ទៅ១៦,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រី Mao Ning បានកត់សម្គាល់ថា “រថភ្លើងដឹកទំនិញចិន-អឺរ៉ុបនឹងនាំមកនូវឱកាសកិច្ច សហប្រតិបត្តិការបន្ថែមទៀតដល់បណ្តាប្រទេសស្ថិតក្រោមគម្រោង BRI ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះការបើកចំហកម្រិតខ្ពស់ផងដែរ”៕
