ចំណេះដឹង! តើអ្នកជាប់ពន្ធអចលនទ្រព្យមានកាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ

0

ដោយវុត្ថា
ភ្នំពេញ៖ អ្នកជាប់ពន្ធ Taxpayer គឺជារូបវ័ន្ដបុគ្គល ឬនីតិបុគ្គលដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យទាំងមូលឬប្រភេទអចនទ្រព្យណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ នៃប្រការ៣នៃប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការប្រមូលពន្ធលើអចលនទ្រព្យ។

កម្មសិទ្ធិករសំដៅដល់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល ដែលមានប័ណ្ណសម្គាល់សិទ្ធិឬប័ណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។ ផ្ទុយទៅវិញ អ្នកកាន់កាប់ សំដៅដល់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលគ្មានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គា​ល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។

ដោយឡែក អ្នកទទួលប្រយោជន៍ចុងក្រោយ សំដៅដល់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យ នៅចុងក្រោយលើអចលនទ្រព្យ។


ក) កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
ផ្អែកតាមចំណុច ២ នៃសេចក្ដីជូនដំណឹងលេខ០០៦ ម្ចាស់អចលនទ្រព្យទាំងអស់ ទោះត្រូវជាប់ឬមិនត្រូវ ជាប់ពន្ធលើអចលនទ្រព្យក្ដី ត្រូវបំពេញព័ត៌មានអចលនទ្រព្យរបស់ខ្លួន ក្នុងទម្រង់លិខិតព័ត៌មានអចលនទ្រព្យ (ឧបសម្ព័ន្ធ) ផ្ដល់ឱ្យដោយសាលាសង្កាត់ ហើយត្រូវប្រគល់ឱ្យសាលាសង្កាត់វិញ ក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលទម្រង់លិខិតព័ត៌មានអចលនទ្រព្យនោះ។

អ្នកជាប់ពន្ធ taxpayer មានកាតព្វកិច្ចត្រូវចុះបញ្ជី ដាក់លិខិតប្រកាស (ឧបសម្ព័ន្ធ)និងបង់ប្រាក់ពន្ធជូន រដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ដ្រ ដែលអចលនទ្រព្យនោះស្ថិតនៅ​។

ចំពោះអ្នកជាប់ពន្ធដែលមានអចលនទ្រព្យច្រើន ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យដាច់ដោយឡែកៗពីគ្នាដែរ។

ការចុះបញ្ជី ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងចំនួន៣ប្រភេទ ជាអាទ៍(១) អត្ដសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេ​ស (២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និង(៣)ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល​នវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែល បញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

ការដាក់លិខិតប្រកាសពន្ធលើអចលនទ្រព្យ ត្រូវធ្វើតាមទម្រង់កំណត់ដោយរដ្ឋបាលសារពើពន្ធចំនួន២ច្បាប់ ដែល១ច្បាប់ សម្រាប់រក្សាទុកនៅរដ្ឋបាលសារពើពន្ធ និង១ ច្បាប់ទៀត សម្រាប់ម្ចាស់អចលនទ្រព្យ។

ម្ចាស់អចលនទ្រព្យត្រូវគណនាប្រាក់ពន្ធដោយខ្លួនឯង ដោយផ្អែកលើតម្លៃអចលនទ្រព្យ ដែលបានកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ។

ការបង់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើឡើងជារូបិយវត្ថុជាតិ (ប្រាក់រៀល) ហើយត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ នៅក្នុងការអនុវត្ដន៍ ពន្ធលើអចលនទ្រព្យទើបតែត្រូវបានចាប់ ប្រមូលនាឆ្នាំ ២០១១ នេះទេ ទោះបីជាពន្ធនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកក៏ដោយ។

យើងសង្កេត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីជូនដំណឹងមួយលេខ ០២៣ សហវ.អពដ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០០១ ដើម្បីពន្យាពេលបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១។

ការពន្យាពេលនេះ ធ្វើឡើងក្រោមមូលហេតុថា ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធស្វ័យប្រកាសថ្មី ទាមទារឱ្យមានការស្វែងយល់អំពីបែបបទនៃការគណនា និងតម្លៃអចលនទ្រព្យដែលត្រូវជាប់ពន្ធផង និងដោយរយៈពេលនៃការបង់ពន្ធនេះជាន់គ្នា ជាមួយថ្ងៃឈប់សម្រាកបុណ្យច្រើនផង។

បន្ថែមពីលើនេះ ការពន្យាពេលនៃការបង់ពន្ធលើអច​លនទ្រព្យប្រចាំឆ្នាំ២០១១ ត្រូវបានធ្វើជាលើកទី២ ដោយកំណត់ឱ្យម្ចាស់អចលនទ្រព្យបង់យ៉ាងយឺតបំផុតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង ១៧:៣០ នាទីរសៀល តាមរយៈសេចក្ដីជូនដំណឹងលេខ ៣០ សហវ.អពដ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១។

ក្រៅពីនេះ នៅក្នុងការអនុវត្ដការប្រមូលពន្ធ លើអចលនទ្រព្យកាលពីឆ្នាំ២០១១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានចេញប្រកាសមួយលេខ១២២៥ សហវ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ស្ដីពី ការលើកលែងពន្ធលើ អចលនទ្រព្យសម្រាប់ឆ្នាំ២០១១ ចំពោះសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ។ តាមរយៈស្មារតីនៃប្រកាសនេះ សង្កាត់ចំនួន ២០ នៃខណ្ឌចំនួន៤របស់រាជធានីភ្នំពេញ ត្រូវបានលើកលែងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១១៕

LEAVE A REPLY

Please enter your comment!
Please enter your name here