ក្រុមហ៊ុនលក់ថាមពលអគ្គិសនីធំៗចំនួន៣របស់ជប៉ុនប្រកាសខាតបង់ដល់១០០០លានដុល្លារ ដោយសារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់

0

ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុនថាមពលអគ្គិសនីធំៗចំនួន៣របស់ជប៉ុនបានរាយការណ៍ពីការខាតបង់សរុបចំនួន១៣៤ពាន់លានយ៉េន (ប្រហែល១០០០លានដុល្លារ) សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២២/២០២៣ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។

ក្រុមហ៊ុនធំៗទាំង៣ខាងលើមានដូចជា ក្រុមហ៊ុនHokuriku Electric Power ក្រុមហ៊ុនHokkaido Electric Power និងក្រុមហ៊ុនShikoku Electric Power។

ក្រុមហ៊ុនទាំងបីនេះស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៧ ធ្លាប់បានស្នើសុំការដំឡើងថ្លៃអគ្គិសនីចាប់ពីខែមេសា និងមិថុនា ដើម្បីទូទាត់ថ្លៃដើមធាតុចូលខ្ពស់ និងសម្រាប់មូលនិធិដើម្បីជួយដល់ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ។

ដោយសារតែកំពុងព្យាយាមដោះស្រាយបញ្ហាអតិផរណា រដ្ឋាភិបាលជប៉ុនបានពន្យារពេលសំណើនេះ និងបានស្នើឱ្យធ្វើការវាយតម្លៃទៅលើតម្លៃដែលក្រុមហ៊ុនបានចំណាយលើផលិតកម្មឡើងវិញ។

ជាក់ស្តែង ការខាតបង់របស់ក្រុមហ៊ុន Hokuriku Electric បានឈានដល់៨៨,៤៥ពាន់លានយ៉េនក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ដែលនេះជាចំនួនខាតដ៏ច្រើនបំផុត ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបង្ហាញពីប្រាក់ចំណូលក្នុងឆ្នាំ១៩៩៤។

ក្រុមហ៊ុន Hokkaido Electric បានប្រកាសពីការខាតបង់ចំនួន២២,២ពាន់លានយ៉េន ដែលជាការខាតបង់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតមួយទសវត្សរ៍ ខណៈដែលក្រុមហ៊ុន Shikoku Electric បានរាយការណ៍ពីការខាតបង់ចំនួន២៣ពាន់លានយ៉េន។

តម្លៃថាមពលសកលបានធូរស្រាលពីការហក់ឡើងដល់កំពូលនៅពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិថាមពលក្រោយជំងឺរាតត្បាត។

ទោះជាយ៉ាងនេះក្តី ការចំណាយលើធាតុចូលគឺនៅតែខ្ពស់ដដែល ហើយក្រុមហ៊ុនថាមពលអគ្គិសនីក៏ត្រូវធ្វើស្របទៅតាមគោលដៅនៃការបំភាយឧស្ម័នសូន្យឆ្នាំ២០២០ របស់រដ្ឋាភិបាលផងដែរ។

សម្ពាធបានកើនឡើងតែក្នុងខែនេះប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រទេសអ្នកមានG7 ដែលដឹកនាំដោយប្រទេសជប៉ុននៅឆ្នាំនេះ បានអះអាងសារជាថ្មីអំពីគោលដៅរបស់ខ្លួន ក្នុងការសម្រេចបាននូវវិស័យថាមពលដែលមិនមានកាបូនឌីអុកសុីតពេញលេញ ឬលើសលុបនៅឆ្នាំ២០៣៥ និងបានជំរុញឱ្យមានគោលដៅថាមពលកកើតឡើងវិញដ៏សំខាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here