ជនបរទេសកាន់តែច្រើនសុខចិត្តជួលជាជាងទិញអចលនទ្រព្យនៅសិង្ហបុរី បន្ទាប់ពីដំឡើងពន្ធប្រថាប់ត្រាទ្វេដង

0

សុខុម

សិង្ហបុរី: ប្រទេសសិង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ទ្វេដងឈានរហូតដល់៦០%សម្រាប់ជនបរទេសដែលទិញអចលនទ្រព្យនៅទីនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៨ ខែមេសា។

ក្រុមអ្នកជំនាញមើលឃើញថា ការដំឡើងពន្ធប្រថាប់ត្រានេះអាចនឹងរារាំងវិនិយោគិនមួយចំនួនពីការទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណា វាក៏ប្រហែលជាមិនអាចរារាំងអ្នកដែលមានចំណាប់អារម្មណ៍ខ្លាំងចង់ផ្លាស់មករស់នៅក្នុងប្រទេសនេះ ឬ អ្នកដែលគ្រោងបង្កើតការិយាល័យគ្រួសារនៅទីនេះបានឡើយ។

អ្នកខ្លះអាចនឹងសុខចិត្តជ្រើសយកជម្រើសជួលជំនួសឱ្យការទិញផ្ទះ នៅពេលពួកគេផ្លាស់មករស់នៅក្នុងប្រទេសនេះ។

វិធានការដំឡើងពន្ធប្រថាប់ត្រាទ្វេដងនេះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ខែមេសា។ នេះជាលើកទី២ ហើយដែលពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ត្រូវបានដំឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺដំឡើងពី២០%ដល់៣០%ក្នុងខែធ្នូ ចុងឆ្នាំ២០២១ មុនពេលដំឡើងទ្វេដងឈានដល់៦០%នៅពេលនេះ។

ពន្ធប្រថាប់ត្រានេះត្រូវបានដំឡើងរហូតដល់៦៥%សម្រាប់ស្ថាប័ន ឬ ក្រុមហ៊ុនបរិធនបាលដែលទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន លើកលែងតែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។

ទន្ទឹមនឹងនេះ ពលរដ្ឋសិង្ហបុរី មិនត្រូវបានតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) នោះឡើយសម្រាប់ការទិញផ្ទះទី១ ប៉ុន្តែតម្រូវឱ្យបង់២០%សម្រាប់ការទិញផ្ទះទី២។ ពលរដ្ឋដែលស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ៥%សម្រាប់ការទិញផ្ទះទី១ និង៣០%សម្រាប់ការទិញផ្ទះទី២៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here