តើស៊ីហ្គេមនៅកម្ពុជាមានកីឡាចំនួនប៉ុន្មានប្រភេទ និងរៀបចំនៅរាជធានីខេត្តចំនួន៤

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) នៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិកា​រណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “ជារួមយើងមានប្រភេទកីឡាចំនួន៣៧ ប៉ុន្ដែមណ្ឌល ឬក៏ទីតាំងសម្រាប់ប្រកួត បែងចែកចំនួនប៉ុន្មានទីតាំងបន្ថែម រួមជាមួយនឹងខេត្តចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្ដព្រះសីហនុ, ខេត្តកែប, ខេត្ដកំពត និងខេត្ដសៀមរាប”។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ប្រភេទកីឡានេះ បែងចែកចំនួន៣៧ប្រភេទកីឡា ប៉ុន្ដែវិញ្ញាសារមានរហូតទៅដល់៥៨៦វិញ្ញាសារ។ ដូច្នេះកិច្ចការងារនេះបែងចែក ទៅតាមទីតាំងមួយចំនួន ដើម្បីធ្វើការប្រកួត និងចំពោះពេលវេលា គឺមានការផ្សព្វផ្សាយយ៉ាងច្បាស់លាស់។

សម្ដេចពិជ័យសេនា បានបញ្ជាក់ថា ការរៀបចំរបស់កម្ពុជា គឺមានការលក្ខណៈធំធេង សូម្បីតែមេដាយ គឺបានរៀបចំធ្វើរហូតដល់៥១៥១មេដាយ គិតមកដល់សព្វថ្ងៃនេះ​ ដែលគិតទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដើម្បីបំពាក់ដល់ជ័យលាភី ដែលទទួលបានមេដាយ តាមចំនួនវិញ្ញាសារប្រភេទកីឡានីមួយៗ។

ទន្ទឹមគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ចំនួនប្រភេទកីឡា ដែលមានចំនួនច្រើនជាងគេ គឺនៅមជ្ឈមណ្ឌលជ្រោ​យចង្វារOCIC រាជធានីភ្នំពេញ ដែលមានប្រភេទកីឡា រហូតដល់ចំនួន១៣ប្រភេទកីឡា។

ជាមួយគ្នានេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថាចំនួនប្រភេទកីឡា ដែលប្រកួតនៅពហុកីឡដ្ឋានមរតកតេជោ មានចំនួន៩កីឡា រួមមាន៖ អត្ដពលកម្ម, ហុកគី, វាយសី, យុទ្ធគុណ (អានីស ជូជីតស៊ូ ឃីកបុកស៊ីង គុនល្បុក្កតោ គុនខ្មែរ វ៉ូវីណាម), បាល់បោះ, វាយកូនបាល់, វាយកូនឃ្លីលើតុ,​ ហែលទឹក។

ប្រភេទកីឡាទាំង៣៧នេះ រួមមាន ១ អត្ដពលកម្ម, ២៖ ហែលទឹក, ៣៖ វាយសី, ៤៖ បាល់បោះ, ៥៖ ប៊ីយ៉ា និងស្នូកឃឺ, ៦៖ ប្រដាក់សកល, ៧៖ អុកចិន និងអុកចត្រង្គ, ៨៖ គ្រិតឃីត, ៩៖ ជិះកង់, ១០៖ កីឡារាំ, ១១៖ កីឡាអេឡិចត្រូនិក, ១២៖ គុនដាវ, ១៣៖ ហ្លូរប៊ល, ១៤៖ បាល់ទាត់, ១៥៖ វាយកូនហ្គោល, ១៦៖ កាយសម្ព័ន្ធ, ១៧៖ ហុកគី, ១៨៖ ម៉ូតូទឹក, ១៩៖ យូដូ, ២០៖ ការ៉ាតេ, ២១៖ យុទ្ធគុណ, ២២៖ កីឡាឧបសគ្គ, ២៣៖ បញ្ចាសីលា, ២៤៖ ប៉ែតង់, ២៥៖ ទូកក្ដោង, ២៦៖ សីដក, ២៧៖ សូហ្វតិន្នីស, ២៨៖ វាយកូនឃ្លីលើតុ, ២៩៖ តេក្វាន់ដូ, ៣០៖ វាយកូនបាល់, ៣១៖ ប្រណាំងទូកនាគ, ៣២៖ ទ្រីយ៉ាត្លុង, ៣៣៖ បាល់ទះ, ៣៤៖ លើកទម្ងន់, ៣៥៖ ចំបាប់, ៣៦៖ វូស៊ូ និងទី៣៧៖ កីឡាបង្ហាញ បាល់ទាត់លើតុ។

ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here