កម្ពុជាកំពុងពោរពេញទៅដោយសក្តានុពលជាច្រើនសម្រាប់ទាក់ទាញក្រុមហ៊ុនវិនិយោគពីបរទេស

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: កម្ពុជាគឺជាប្រទេសបើកចំហសេដ្ឋកិច្ច ហើយគ្រប់វិស័យទាំងអស់ បានបើកចំហសម្រាប់ការវិនិយោគ លើកលែងតែការកាន់កាប់ដីធ្លី ដែលជនបរទេសត្រូវចូលជាសញ្ជាតិខ្មែរ។

កម្ពុជាមានច្បាប់ស្តីពីការវិនិយោគថ្មី ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២១ ដែលផ្តល់នូវការលើកទឹកចិត្ត ផ្នែកពន្ធលើការនាំចេញ-នាំចូល ការលើកលែងពន្ធរហូតដល់៩ឆ្នាំ ហើយនេះជាផលប្រយោ​ជន៍សម្រាប់វិនិយោគិនទាញយកបាន។

បន្ថែមលើនេះ វិនិយោគិនអាចមានឱកាស ចូលទៅកាន់រដ្ឋាភិបាល នៅពេលដែលមានបញ្ហា ពួកគេអាចដោះស្រាយជាមួយរដ្ឋាភិបាល ហើយពួកគេអាចចូលទៅកាន់ អ្នកបង្កើតគោលនយោបាយ អ្នកធ្វើការសម្រេចចិត្ត និងមានឱកាសជាច្រើនទាក់ទង នឹងការបើកអាជីវកម្ម។

ត្រូវចងចាំថា កម្ពុជាគឺជាប្រទេសដ៏វ័យក្មេងមួយ ដោយសារកម្ពុជាទើបមានសន្តិភាព ចាកចេញផុតពីភ្លើងសង្គ្រាម មិនទាន់កន្លងផុតទៅយូរប៉ុន្មាននោះទេ ដែលយើងទើបបានកសាងសេដ្ឋកិច្ចជាតិឡើងវិញ។

លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលអាចទាក់ទាញក្រុមហ៊ុនជាច្រើនមកកាន់កម្ពុជា ហើយកម្ពុជាអាចនាំចេញទំនិញ ទៅកាន់ប្រទេសជាសមា​ជិកកិច្ចព្រមព្រៀងនោះ ដោយមានការអនុគ្រោះពន្ធ និងទទួលបានទីផ្សារកាន់តែធំ។

ឧទាហរណ៍ កម្ពុជាមានចំការកៅស៊ូដ៏ច្រើន សន្ធឹកសន្ធាប់ ដូចនេះ ប្រសិនបើក្រុមហ៊ុនណាមួយ ឈានជើងចូលមកផលិតសំបកកង់នៅកម្ពុជា ពួកគេអាចប្រើប្រាស់វត្ថុធាតុដើម នៅក្នុងស្រុកបាន ក្រៅពីនោះទៀតយើងបាននាំចេញ ស្វាយ ចេក អង្ករ មៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

ម្យ៉ាងវិញទៀត ផ្អែកទៅលើកំណើនសេដ្ឋកិច្ច​រឹងមាំ​ ជា​រៀង​រាល់​ឆ្នាំ បរិយាកាស​វិនិយោគ​ល្អ ទីតាំង​វិនិយោគ​អំណោយ​ផល​ល្អ នៅ​ចំ​ចំណុច​កណ្តាល​បេះដូង ​នៃ​បណ្តា​ប្រទេស​អាស៊ាន កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន ពិសេស កត្តា​ស្ថិរភាព​នយោបាយ សន្តិសុខ បាន​ប្រែ​ក្លាយ​កម្ពុជា​ពោរពេញ ​ទៅ​ដោយ​ឱកាស​មាស​ សម្រាប់​ការ​ទាក់ទាញ​វិនិយោគ។

បើយើងក្រឡេកទៅមើលពីទិដ្ឋភាពសេដ្ឋកិច្ច នៅកម្ពុជាវិញ យើងឃើញថា កម្ពុជាបានបានឆ្លងផុតពីប្រទេស ដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចំណាត់ថ្នាក់ល្អ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពោលគឺកម្ពុជា សម្រេចបានកំណើ​នសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧,៧ភាគរយមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។

ជាមួយគ្នានេះដែរ កម្ពុជាក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធទំាងផ្នែករឹង និងទន់ ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលកំពុងតែមានការរីកលូតលាស់៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here