ក្នុងខែមេសារដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួន២០ជាមួយទំហំទុនវិនិយោគលើប្រាក់ជិត២៥០លានដុល្លារអាមេរិក

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រយៈពេលពេញមួយខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង ដែលមានទឹកប្រាក់សរុបចំនួន២៤៧,៧លានដុល្លារអាមេរិក។

ខែមេសា ចាត់ទុកជាខែដែលក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តច្រើនជាង ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជាតាំងពីដើមខែដល់ដំណាច់ខែមេសា ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាដដែលនេះឱ្យដឹងថាគម្រោងវិនិយោគ ដែលបានអនុម័តក្នុងខែមេសា ២០២៣ មានទឹកប្រាក់ច្រើនជាងគេ រហូតដល់៧៣,៤លានដុល្លារអាមេរិក ដែលវាគឺជាគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ  និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគនៅស្រុកស្នួល ខេត្តក្រចេះ ។ គម្រោងនេះនឹងបង្កើតឱកាសការងារជន ប្រជាពលរដ្ឋចំនួន៧៩នាក់ផងដែរ ។

គម្រោងធំទី២ដែលអនុម័តក្នុងខែមេសា ២០២៣នេះគឺគម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ លើកោះទទឹង នៅភូមិកោះស្ដេច ឃុំកោះស្ដេចស្រុកគិរីសាគរ ខេត្តកោះកុង ។

គម្រោងនេះមានទុនវិនិយោគ ប្រមាណ៣០លានដុល្លារអាមេរិកនិងអាចបង្កើតការងារជូនពលរដ្ឋចំនួន១៤២នាក់ ។

គម្រោងដែលចាត់ទុកថាធំមួយផងដែរ អនុម័តក្នុងខែមេសា គឺគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។គម្រោងនេះ មានទុនវិនិយោគចំនួន២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤៥០នាក់ ។

ក្រៅពីគម្រោងធំៗទាំងនេះ ក៏មានគម្រោងវិនិយោគរោងចក្រសហគ្រាស ដែលមានទុនវិនិយោគប្រមាណ១០លានដុល្លារ និងក្រោម១០លានដុល្លារ ហើយភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផ្គុំដំឡើងសូឡា ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋរាប់រយរាប់ពាន់កន្លែង ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋផងដែរ ៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here