ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិវឌ្ឍន៍ថ្មីៗមួយចំនួនទាក់ទង នឹងការឆ្លើយតបរបស់ក្រុមបស្ចិមលោក ចំពោះសង្គ្រាមនៅអ៊ុយក្រែន បង្ហាញពីការបង្រួបបង្រួម និងការពង្រីកការបែកបាក់ នៅក្នុងអ្វីដែលហាក់ដូចជាជំហររបស់លោកខាងលិចជាឯកច្ឆ័ន្ទលើវិបត្តិនេះ។
បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសជប៉ុន បានជំទាស់ប្រឆាំងនឹងសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ក្រុមប្រទេសG7 ក្នុងការហាមឃាត់ការនាំចេញទាំងអស់ ទៅកាន់ប្រទេសរុស្ស៊ី។ សំណើនេះ មានគោលបំណងជំនួសរបបដាក់ទណ្ឌកម្ម តាមវិស័យបច្ចុប្បន្នប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការហាមឃាត់ការនាំចេញ ទាំងស្រុងដោយមានការលើកលែងតិចតួចប៉ុណ្ណោះ។
-->

ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា សំណើថ្មីនឹងត្រូវបានអនុម័ត ដោយថ្នាក់មេដឹកនាំG7 នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននៅខែក្រោយ ដើម្បីបិទចន្លោះប្រហោង ក្នុងរបបទណ្ឌកម្មបច្ចុប្បន្ន និងរឹតបន្តឹងផ្នែកសេដ្ឋកិច្ចលើប្រទេសរុស្ស៊ីឱ្យកាន់តែតឹងរ៉ឹង។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត គេហទំព័រព័ត៌មានអាមេរិក Politico បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋបាល ចូ បៃដិន កំពុងរៀបចំយ៉ាងស្ងៀមស្ងាត់ សម្រាប់លទ្ធភាពនៃការភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសចិន ក្នុងគោលបំណងជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin វិលទៅកាន់តុចរចា ប្រសិនបើការវាយលុកនៅនិទាឃរដូវ របស់អ៊ុយក្រែនធ្លាក់ចុះមិនដូចជាការរំពឹងទុក។

ការពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងអ៊ុយក្រែនបានបង្កើននូវក្តីសង្ឃឹមថា លក្ខខណ្ឌចាំបាច់ អាចត្រូវបានបង្កើតឡើងសម្រាប់បទឈប់បាញ់នៅដើមដំបូង។
ទាំងអស់នេះបង្ហាញថា បន្ទាប់ពីការគាំទ្រអស់ពេលជាងមួយឆ្នាំទៅអ៊ុយក្រែន និងសម្ពាធកាន់តែខ្លាំងឡើងលើរុស្ស៊ី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រឈមមុខ នឹងភាពមិនច្បាស់លាស់នៅលើសមរភូមិ។
នៅពេលនេះ រុស្ស៊ី និងអ៊ុយក្រែនហាក់ ដូចជា ឈានដល់ភាពជាប់គាំងក្នុងការប្រយុទ្ធគ្នា ហើយការអនុញ្ញាតឱ្យវិបត្តិវិវឌ្ឍន៍ទៅជាភាពយូរអង្វែង និងហាក់ដូចជាកាន់តែមិនមាននិរន្តរភាព សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
បណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីក្នុងក្តីសង្ឃឹមថា នឹងអាចរារាំងបណ្តាញនាំចេញថាមពល និងបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី។
ប៉ុន្តែទណ្ឌកម្មទាំងនោះបានតបតវិញ ដោយធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់អាមេរិក និងបង្កឲ្យមានវិបត្តិថាមពល នៅទូទាំងពិភពលោក។ ទណ្ឌកម្មក៏បានបង្អាក់ដល់ពាណិជ្ជកម្ម និងជំរុញឱ្យអត្រាអតិផរណា មានសភាពកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រទេសមួយចំនួនមានក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ច។

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ អស់រយៈពេលជាងមួយឆ្នាំ ដើម្បីពង្រឹងអរិភាព តាមរយៈការបង្កើនការដាក់ទណ្ឌកម្ម និងការផ្តល់អាវុធ និងជំនួយយោធាដល់អ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច គួរតែភ្ញាក់ដឹងខ្លួនចំពោះការពិតដែលថា ដំណោះស្រាយនយោបាយ គឺត្រូវការច្រើនជាងពេលណាៗទាំងអស់ មិនមែនការដាក់ទណ្ឌកម្មបន្ថែមទៀតនោះទេ៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!