ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមស្ថានទូតអូស្ត្រាលី Australian Embassy ប្រចាំនៅកម្ពុជា បានឱ្យដឹងកាលថ្ងៃទី០២ ខែឧសភានេះ ថា អូស្រ្តាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួន-ឧស្សាហកម្ម (AIP) ដំបូងគេនៅកម្ពុជា។
យោងតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Australian Embassy បានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យមានការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ដោយសារគេបានមើលឃើញថា កសិផលកម្ពុជា ប្រមាណ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។បន្ទាប់ពីទិញកសិផលយកទៅ ប្រទេសទាំងនោះ បានកែច្នៃវាទៅជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជាធ្វើទៅជា ដំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។
ក្នុងន័យនេះ ប្រសិនបើកម្ពុជាមានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួនវិញនោះ កម្ពុជាអាចបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ ក្នុងនោះដែរ ដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។