មូលនិធិ IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចអាសុីរហូតដល់៤,៦ភាគរយសម្រាប់ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍សេដ្ឋកិច្ចរបស់តំបន់អាស៊ី នៅថ្ងៃអង្គារនេះ ដោយសារការស្ទុះងើបឡើងវិញរបស់ប្រទេសចិន ប៉ុន្តែ IMF ក៏បានព្រមានពីហានិភ័យអតិផរណា និងការប្រែប្រួលទីផ្សារសកលដែលជំរុញដោយវិបត្តិធនាគាររបស់លោកខាងលិចផងដែរ។

មូលនិធិ IMF បានលើកឡើងថា ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានសារៈសំខាន់សម្រាប់តំបន់ ជាមួយនឹងការរីករាលដាលដល់តំបន់អាស៊ី ដែលត្រូវបានគេមើលឃើញថា ផ្តោតលើការប្រើប្រាស់ និងតម្រូវការក្នុងវិស័យសេវាកម្ម ជាជាងការវិនិយោគ។IMF បានអះអាងទៀតថា “តំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ដ៏មានថាមពលខ្លាំងបំផុតនៃតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ២០២៣ ដោយសារតំបន់នេះត្រូវបានជំរុញដោយទស្សនវិស័យសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ប្រទេសចិន និងឥណ្ឌា”។

សេដ្ឋកិច្ចរបស់តំបន់អាស៊ីត្រូវបាន IMF រំពឹងទុកថា នឹងកើនឡើងក្នុងរង្វង់៤,៦ភាគរយនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង៣,៨ភាគរយនៅឆ្នាំ២០២២ ដែលរួមចំណែកប្រហែល៧០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក។

របាយការណ៍ដដែលនេះបានបន្តទៀតថា ប្រទេសចិន និងឥណ្ឌានឹងក្លាយជាកត្តាជំរុញដ៏សំខាន់ ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ពួកគេ៥,២ភាគរយ និង៥,៩ភាគរយរៀងៗគ្នា ទោះបីជាកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីផ្សេងទៀតត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំនេះយ៉ាងណាក្តី។

ទោះបីជាយ៉ាងនេះក្តី IMF បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំក្រោយមកត្រឹម៤,៤ភាគរយ និងបានព្រមានពីហានិភ័យចំពោះទស្សនវិស័យនានាដូចជាអតិផរណា ការធ្លាក់ចុះនៃតម្រូវការសកល ក៏ដូចជាផលប៉ះពាល់នៃវិស័យធនាគាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។

IMF ក៏បានជំរុញដល់ធនាគារកណ្តាលនានានៅតំបន់អាស៊ី ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន និងចិន ឱ្យរក្សាគោលនយោបាយរូបិយវត្ថុឱ្យបានតឹងរ៉ឹង ដើម្បីកាត់បន្ថយអត្រាអតិផរណា ដែលវាអាចនៅតែហក់ឡើងខ្ពស់ ដោយសារផ្នែកមួយនៃតម្រូវការក្នុងស្រុកដ៏រឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here