ទីក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយបន្ទុកលើក្រុមហ៊ុនកូរ៉េខាងត្បូងដែលវិនិយោគនៅអាមេរិក

0

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាត់បន្ថយភាពមិនច្បាស់លាស់ និងបន្ទុកអាជីវកម្មសម្រាប់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅសហរដ្ឋអាមេរិកដែលកើតចេញពីការអនុវត្តច្បាប់ CHIPS។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ប្រទេសទាំងពីរក៏បានសម្រេចចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីដោះស្រាយកង្វល់របស់ពួកគេទាក់ទងនឹងច្បាប់កាត់បន្ថយអតិផរណា (IRA)របស់សហរដ្ឋអាមេរិកផងដែរ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក Lee Chang-yang និងសមភាគីរបស់លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមនៅឯកិច្ចសន្ទនាខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មលើកដំបូងរវាងសហរដ្ឋអាមេរិក និងកូរ៉េនៅទីក្រុង Washington DC។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្នុងឱកាស ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសទាំងពីរបានយល់ព្រមកាត់បន្ថយភាពមិនច្បាស់លាស់នៃការវិនិយោគ និងបន្ទុកគ្រប់គ្រងសម្រាប់ក្រុមហ៊ុនក្រោមកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ CHIPS រួមទាំងលក្ខខណ្ឌសម្រាប់ការស្នើសុំការឧបត្ថម្ភធនផងដែរ។លើសពីនេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏គ្រោងនឹងបង្កើតវេទិកាកិច្ចសហប្រតិបត្តិការ semiconductor សាធារណៈ និងឯកជន ដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងឧស្សាហកម្មបន្ទះឈីបរវាងប្រទេសទាំងពីរផងដែរ។

ទាក់ទងនឹងការត្រួតពិនិត្យការនាំចេញ semiconductor ដែលសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចេញឧបករណ៍ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ក្រុមហ៊ុន semiconductor នៅក្នុងប្រទេសចិន ពួកគេនឹងពិភាក្សាអំពីរបៀបដំណើរការវិធានការត្រួតពិនិត្យការនាំចេញដែលអាចព្យាករណ៍បានបន្ថែមទៀតដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

សហរដ្ឋអាមេរិកបាននឹងកំពុងព្យាយាមកំណត់ការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីបរបស់ប្រទេសចិនតាមរយៈច្បាប់ CHIPS ប៉ុន្តែព័ត៌មានលម្អិតនៃបទប្បញ្ញត្តិបានធ្វើឱ្យមានការព្រួយបារម្ភចំពោះក្រុមហ៊ុនកូរ៉េដែលលក់បន្ទះឈីបរបស់ពួកគេយ៉ាងសកម្មនៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here