ភ្នំពេញ ៖ បច្ចុប្បន្ននេះ វិនិយោគិនក្នុងនិងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍និងវិនិយោគនៅតំបន់កោះជាហូរហែរដែលធ្វើឱ្យបណ្ដាកោះនានានៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានការអភិវឌ្ឍជាបន្តបន្ទាប់ ។យ៉ាងណាក្ដីការអភិវឌ្ឍសំណង់នានានៅលើកោះត្រូវចំណាយទុនខ្ពស់រហូតដល់៣ដងនៃការអភិវឌ្ឍនៅលើដីគោក ។
លោក Ateeb Shrestha អ្នកគ្រប់គ្រងទូទៅនៃរីសតកោះក្របី នៅក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចំណាយលើការសាងសង់សំណង់នានា ដូចជាបន្ទប់ស្នាក់នៅ វីឡានិងសំណង់នានា ត្រូវការចំណាយលុយច្រើនជាងការអភិវឌ្ឍនៅតំបន់ដីគោក ។ លោកថា”មុននឹងយើងទទួលបានសមិទ្ធផលសំណ់ងវីឡា រីសតនេះ គឺយើងត្រូវការដឹកជញ្ជូនសម្ភារៈមកកាន់កំពង់ផែ រួចហើយត្រូវដឹកតាមទូកម្ដងបន្តិចៗមកកាន់ដីកោះ ហើយដូចយើងដឹងហើយការដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែមកកាន់កោះ គឺត្រូវចំណាយលុយច្រើន ” ។
លោកបន្តថា ការអភិវឌ្ឍនៅលើដីកោះត្រូវការពេលវេលា គឺត្រូវធ្វើម្ដងបន្តិចៗ មិនមែនដូចការអភិវឌ្ឍនៅលើដីគោកនោះទេ ហើយការថែទាំក៏ត្រូវចំណាយច្រើនជាងការថែទាំសំណង់នៅដីគោកដូចគ្នាដែរ ។
បើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា បើសិនជាយើងអភិវឌ្ឍន៍សំណង់មួយឬក៏វីឡាមួយនៅលើដីកោះ យើងអាចយកលុយនោះទៅអភិវឌ្ឍន៍ដីគោកបានដល់ទៅ៣ឯណោះ ដូច្នេះហើយ ការអភិវឌ្ឍនៅលើកោះត្រូវចំណាយទុន៣ដងនៃ ទុននៅលើដីគោក ។