ប្រទេសរុស្ស៊ីចោទប្រកាន់ប្រទេសអ៊ុយក្រែន ថាប៉ុនប៉ងធ្វើឃាត លោកវ្លាឌីមៀ ពូទីន ដល់វិមានក្រឹមឡាំង

0

ដោយៈ​សុខុម

ម៉ូស្គូ: ប្រទេសរុស្ស៊ី ចោទប្រកាន់ប្រទេសអ៊ុយក្រែន ថាបានប៉ុនប៉ងធ្វើការវាយប្រហារ ដោយយន្តហោះដ្រូនពេលយប់ ទៅលើវិមានក្រឹមឡាំង ក្នុងគោល​បំណងធ្វើឃាត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ដែលរដ្ឋាភិបាលក្រុងមូស្គូ បានធ្វើឡើង​ ទៅលើរដ្ឋាភិបាលទីក្រុងគៀវ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានទៅលើអ៊ុយក្រែន ដែលជាប្រទេសក្បែរខាង។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី៣ ខែឧសភា ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី និងត្រូវបានទីភ្នាក់ងារ​ព័ត៌មានរដ្ឋមួយ​ចំនួនចុះផ្សាយព្រោងព្រាត។មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលទីក្រុងគៀវ គ្មានអ្វីពាក់ព័ន្ធ​នឹងឧប្បត្តិហេតុ ដូចដែលត្រូវបានចោទប្រ​កាន់នោះទេ។

តាមរយៈសំណេរបង្ហោះ ​លើបណ្ដាញទំនាក់ទំនងសង្គមTwitter មន្ត្រីរូបនេះបានច្រាន​ចោល​​ថា ការអះអាងរបស់ប្រទេសរុស្ស៊ី គ្មានការពិត និងគ្មានមូលដ្ឋាន ហើយនិយាយ​​ថា “ច្បាស់ណាស់​ថា ប្រទេសរុស្ស៊ី កំពុង​ត្រៀមបើកការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំ”។

ក្រុមមន្ត្រីរុស្ស៊ីបញ្ជាក់ថា នៅពេល​កើតហេតុ លោក ពូទីន មិន​បាន​ស្ថិតនៅក្នុងវិមានក្រឹមឡាំងនោះទេ ហើយវិមានក្រឹមឡាំង ក៏​មិនបានទទួលរងការខូចខាតនោះដែរ ដោយព្រមាន​ថា ពួកគេមានសិទ្ធិធ្វើការសងសឹកវិញ។

សារព័ត៌មានរដ្ឋ RIA បានផ្សាយថា “វិមានក្រឹមឡាំង បានធ្វើការវាយតម្លៃសកម្មភាពទាំងនេះថា ជាសកម្មភាពភេរវកម្មគ្រោងទុក និងជាការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតីនៅមួយថ្ងៃ មុនទិវាជ័យជម្នះ គឺការហែក្បួនព្យុះហយាត្រាថ្ងៃ៩ ឧសភា”។

សារព័ត៌មាន​នេះ​បានបន្ថែមថា លោក ពូទីន មិនបានផ្លាស់ប្តូរកាលវិភាគរបស់​លោក​នោះទេ ហើយកំពុងធ្វើការនៅរបស់​លោក​នៅនិវេសនដ្ឋានNovo Ogaryovo របស់​លោកនៅខាងក្រៅទីក្រុងមូស្គូ។

លោក Pavel Felgenhauer អ្នកវិភាគផ្នែកការពារជាតិរុស្ស៊ី ដែលមានតួនាទី ជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់ នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត (Soviet Academy of Sciences) បានប្រាប់សារព័ត៌​មាន Al Jazeera ថា ដើម្បីសងសឹក ប្រទេសរុស្ស៊ី អាចនឹងបញ្ជាកង​កម្លាំងរបស់ខ្លួន នៅ​ក្នុងប្រទេសអ៊ុយក្រែន ឱ្យធ្វើការវាយប្រហារទៅលើការិយាល័យ ប្រធានាធិបតីនៅកណ្តាលទីក្រុងគៀវ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here