ក្រុងថ្មីចំនួន២និងស្រុកចំនួន១បានប្រកាសពីសមាសភាពថ្នាក់ ដឹកនាំជាផ្លូវការ

0

        ដោយៈ គង់ សូរិយា

        កណ្តាលៈ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ លោកចាន់ ដារ៉ា ជាអភិបាលក្រុងអរិយក្សត្រ (ទើបបង្កើតថ្មី) លោកអេង សុវិចិត្ត ជាអភិបាលក្រុងសំពៅពូន (ទើបបង្កើតថ្មី) និងលោក ឆែ វណ្ណឌី ជាអភិបាលស្រុកកោះធំ។

រដ្ឋបាលក្រុងអរិយក្សត្រ ត្រូវបានជ្រើសរើសទីតាំងក្នុងបុរីវីឡាទួល​សង្កែអរិយក្សត្រ ដែលជាបុរីធំជាងគេទំហំជាង៦០ហិកតា នៅក្នុងតំបន់នេះ។លោកអភិបាលខេត្តបានថ្លែងបន្តថា ពេលបានតំណែងហើយ ត្រូវចេះដាក់ខ្លួន ឥរិយាបថល្អចំពោះមន្ត្រីក្រោមឱវាទ និងពិសេសទៅចំពោះប្រជាពលរដ្ឋ ដោយប្ដេជ្ញា និងដឹងខ្លួនថា ជាអ្នកបម្រើរាស្ត្រមិនតាំងខ្លួនជាចៅហ្វាយរាស្ត្រទេ ហើយត្រូវបម្រើសេវាជូនពួកគាត់ឱ្យល្អ ត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ពេញចិត្ត ពេញថ្លើម។

លោកគង់ សោភ័ណ្ឌ ក៏បានជំរុញដល់អភិបាលក្រុង-ស្រុក ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល ថ្នាក់លើ និងធ្វើជាគំរូដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារមន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមលើសនេះ ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។អភិបាលខេត្តបានសង្កត់ធ្ងន់ថា សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងប្រទេសជាតិ តាំងពីបាតដៃទទេ មករហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងមានភាពល្បីរន្ទឺទូទាំងសកលលោក ដូច្នេះសូមមន្ត្រីមូលដ្ឋាន ត្រូវតាំងចិត្ត តាំងស្មារតីខ្លួនឱ្យល្អ ក្នុងការបម្រើដល់ប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ មានបញ្ហាត្រូវដោះស្រាយឱ្យបានល្អ ជាពិសេសត្រូវធ្វើយ៉ាងណា បង្កើនការគាំទ្រពីសំណា​ក់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានកាន់តែខ្លាំងឡើងៗ។

ជាមួយគ្នានេះដែរ លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូន លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងលោក ចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រ បានប្ដេជ្ញាបម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព និងយកសមត្ថភាពដែលមានមកអនុវត្តន៍ ឱ្យអស់ពីចិត្ត សំដៅប្រសិទ្ធភាពការងារ ប្រកបដោយគុណភាព និងគុណធម៌៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here