Jack Ma ត្រូវបានតែងតាំងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ តូក្យូមួយទៀត

0

ដោយៈ សុខុម

តូក្យូ: កំពូលមហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba Group Holding ទទួលបានការតែងតាំង ជាសាស្ត្រាចារ្យបំពេញទស្សនកិច្ចបង្រៀន (Visiting Professor) នៅសកលវិទ្យាល័យក្រុងតូក្យូ (University of Tokyo)។ នេះបើយោងតាមគេហទំព័ររបស់សាកលវិទ្យាល័យនេះ។

សាស្ត្រាចារ្យបំពេញទស្សនកិច្ចបង្រៀន ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ឬ សកវិទ្យាល័យមួយ ដែលត្រូវបានអញ្ជើញឱ្យទៅបង្រៀននៅមហាវិទ្យាល័យ ឬ សកលវិទ្យាល័យផ្សេងមួយទៀតសម្រា​ប់រយៈពេលខ្លី ដូចជាមួយឆមាស ឬ មួយឆ្នាំជាដើម។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times ឱ្យដឹងថា លោក Jack Ma ដែលមានវ័យ៥៨ឆ្នាំ បានចាប់ផ្តើមទទួលមុខតំណែងថ្មីនេះកាលពីថ្ងៃច័ន្ទ ទី១ ដើមខែឧសភា ហើយគេរំពឹងថាលោកនឹងចូលរួមចំណែកក្នុងវិស័យមួយចំនួន។

លោក Jack Ma នឹងផ្តល់អនុសាសន៍ លើប្រធានបទស្រាវជ្រាវ និងធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសលើវិស័យកសិកម្ម និងផលិត​កម្មស្បៀងដែលប្រកបដោយនិរន្តរភាព។ លោកក៏នឹងផ្ដល់ការបណ្ដុះបណ្ដាលក្នុងសិក្ខាសាលាអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីផងដែរ។

ដោយធ្លាប់ជាថ្នាក់ដឹកនាំអាជីវកម្ម ដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិន លោក Jack Ma បានបាត់ដំណឹងឈឹងគួរឱ្យសង្ស័យ បន្ទាប់ពីលោក បានរិះគន់ក្រុមនិយ័តករចិន ក្នុងឆ្នាំ២០២០ ហើយពេលនោះក្រុមហ៊ុន Ant Group បុត្រសម្ព័ន្ធរបស់ Alibaba ដែលលោកក៏ជាសហស្ថាបនិកដែរនោះ ក៏បានផ្អាកផែនការរបស់ខ្លួនក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)។ទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះបានលេចមុខជាថ្មី គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងហាងចូវ (Hangzhou) ប្រទេសចិន កាលពីខែមីនា។

ការតែងតាំងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យក្រុងតូក្យូ នេះកើតមានឡើង បន្ទាប់ពីលោកJack Ma ទើបតែទទួលបានការតែងតាំងជាសាស្ត្រាចារ្យបង្រៀន នៅសកលវិទ្យាល័យហុងកុង (Hong Kong University) កាលពីពេលថ្មីៗនេះ ហើយមុខវិជ្ជាដែលលោកបង្រៀននោះគឺមុខវិជ្ជាពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២១ ខែមេសានេះ៕ Japan Times៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

LEAVE A REPLY

Please enter your comment!
Please enter your name here